ដោយៈគង់ ម៉ាលីន
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបើកកិច្ចប្រជុំ ដើម្បីដាក់ឆ្លងសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទេសចរណ៍សុវត្ថិភាព” ក្រោមអធិបតីភាពលោកអូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារក្នុងកិច្ច ប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំដ៏នេះ បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូហ៊្សូម (ZOOM) ដោយមានការចូលរួមពីសមាជិក-សមាជិកា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ១១០នាក់។
លោកថោង ខុនបានមានប្រសាសន៍ថា ការបើកទទួលទេសចរណ៍សុវត្ថិភាព គឺពិតជាចាំបាច់ និងចំពេលវេលាសម្រាប់ពិនិត្យលទ្ធភាព ក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក “ប្រក្រតីភាពថ្មី” នៃសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃ ដោយឈរលើគោលការណ៍រក្សាបាន នូវតុល្យភាពរវាងសកម្មភាពសេដ្ឋកិច្ច-សង្គម និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកដំណើរគ្រប់ប្រភេទ ស្របតាមស្មារតីនៃ “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” ព្រមទាំងការចាប់យកឱកាសធ្វើកំណែទម្រង់ វិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព៕