រដ្ឋាភិបាលគ្រោងអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅក្នុងខែសីហា

ដោយវុត្ថា

ភ្នំពេញៈ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាបានឯកភាពគ្នាអនុញាតឱ្យបើកសាលារៀនជាបណ្តើរៗឡើងវិញ នៅក្នុងខែសីហាឆ្នាំ២០២០ តែតម្រូវឱ្យមានលក្ខខណ្ឌមួយចំនួន មុននឹងចាប់ផ្តើមឱ្យដំណើរការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីវេជ្ជបណ្ឌិតយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅក្នុងសន្និ​សីទសារព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា ជាជំហានដំបូង ក្រសួង នឹងបើកសាកល្បងសាលាអន្តជាតិចំនួន១៥ ដែលមានស្តង់ដារខ្ពស់ដូចជាសា​លា​​ភាសាជប៉ុន អង់គ្លេសអាមេរិកាំង និងបារាំងជាមុនសិន ដែលមានសិស្សប្រមាណ២ម៉ឺននាក់។

លោកកស្រីបន្តថា “មុននឹងបើកសាលានីមួយៗ ត្រូវដាក់ពាក្យស្នើសុំបើកសាលាឡើងវិញមកក្រសួង ដើម្បីឱ្យក្រុមការងារក្រសួងចុះវាយតម្លៃ និងពិនិត្យមើលសាលាទាំងនោះ ស្របតាមស្តង់ដា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល មុននឹងឈានដល់ការចុះអនុស្សារណៈអនុញ្ញាតជាផ្លូវការ”។

លោកស្រីយក់ សម្បត្តិបានបន្ថែមថា សាលាទាំងនោះត្រូវគោរពទៅតាមលក្ខខណ្ឌរបស់ក្រសួង ដូចជាត្រូវអនុវត្តរក្សាសុវត្ថិភាពគម្លាតសង្គម និងបុគ្គលដូចជាដាក់សិស្សក្នុង១ថ្នាក់ចំនួន១៥នាក់ និងត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ ទាំងគ្រូនិងសិស្សមុនចាប់ផ្តើមចូលរៀន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល ដោយដំណា​ក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។

លោកបន្ថែមថា ក្រៅពីនេះក្រសួង កំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេ​សក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។

លោករស់ សុវាចាថ្លែងថា ទោះជាពេលនេះ មិនទាន់កំណត់ពេលជាក់លាក់ក៏ដោយ តែក្រសួងនឹងប្រកាស់ជាសាធារណៈពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឱ្យដំណាក់កាលទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here