ដោយៈសុធា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសមិទ្ឋផល ដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកំពុងពង្រីកកម្មវិធីថ្មី ដើម្បីជួយទាញតម្លៃបន្ថែមក្នុងវិស័យកសិកម្ម។
ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលលោកកាលពីសប្តាហ៍មុន លោកស្រីចម និ ម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងបានអនុវត្តនៅគម្រោងជាច្រើនរួចមកហើយរួមមាន គម្រោងធ្វើឲ្យប្រសើរឡើង នូវរោងចក្រកាត់ដេរនៅកម្ពុជា (BFC) ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្ម CTIS គោលនយោបាយដំឡូងមី គោលនយោបាយស្វាយចន្ទី យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Strategy) ការកសាងសមត្ថភាពមន្ត្រី និងគម្រោងជំរុញការនាំចេញអង្ករជាដើម។
បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម កំពុងអនុវត្តនៅគម្រោងមួយ ដែលមានឈ្មោះថា គម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច ហៅថា AIMS(Accerating Inclusinve Market from Smallholders ដើម្បីរុញចំណូលសេដ្ឋកិច្ចគ្រួសារ កសិករចំនួន៧៥,០០០គ្រួសារ ឲ្យមានការកើនឡើង៣០% តាមរយៈការតភ្ជាប់រវាងផលិតកម្ម និងទីផ្សារ ដោយគម្រោងទាំងនេះ យើងប្រើប្រាស់ទាំងថវិកាជាតិមួយផ្នែក និងទទួលបានជំនួយអភិវឌ្ឍពីស្ថាប័នអន្តរជាតិផងដែរ។
លោកស្រីបន្តថា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ កម្ពុជាមានកិច្ចសហប្រត្តិការអន្តរជាតិដូចជា មេគង្គ-ចិន មេគង្គ-អាមេរិក មេគង្គ-ឥណ្ឌា មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ និង គម្រោង The Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ជាដើម។
ទន្ទឹមនឹងនេះក្នុងក្របខ័ណ្ឌតំបន់អាស៊ាន កម្ពុជាក៏ស្ថិតនៅក្នុងចង្កោមប្រទេស CLMV ដែលតែងតែទទួលបានការយកចិត្តទុកពីសមាជិក និងទទួលបានគម្រោងអភិវឌ្ឍ ពីស្ថាប័នអភិវឌ្ឍន៍ ដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងសមាជិកទាំង១០ប្រទេស។ ក្នុងក្របខ័ណ្ឌសលកលោក ដូចជាក្រោមក្របខ័ណ្ឌ WTO នៅឆ្នាំ២០០៥ សន្និសីទថា្នក់រដ្ឋមន្ត្រីលើកទី០៦ នៅទីក្រុងហ៊ុងកុង បានផ្តួចផ្តើមឲ្យមាននៅកម្មវីធីជំនួយពាណិជ្ជកម្ម ដើម្បីជួយជំរុញប្រទេសដែលមានការអភិវឌ្ឍតិចតួច អាចចូលរួមទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី បានយ៉ាងមានប្រសិទ្ធភាព។
លោកស្រីចម និម្មលបានបន្តថា បើគិតត្រឹមឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានជំនួយពីកម្មវីធីជំនួយពាណិជ្ជកម្ម (Aid for Trade) ក្នុងទំហំទឹកប្រាក់៣៣៩លានដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យពាណិជ្ជកម្ម។
កិច្ចសហប្រត្តិការទាំងនេះ បានបង្ហាញឲ្យយើងឃើញពីកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការស្រូបយកធនធាន មកអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្ថែមទៀត
។
ប៉ុន្តែការទាញយកផលប្រយោជន៍ ពីគម្រោងជំនួយទាំងនោះ បានច្រើនកម្រិតណា គឺអាស្រ័យទៅលើភាពប៉ិនប្រសព្វ នៃការរៀបចំគម្រោង និងប្រសិទ្ធភាពនៃការអនវុត្តគម្រោង ដើម្បីឲ្យមានភាពប្រទាក់ក្រឡា ជាមួយវត្ថុបំណងនៃគោលដៅជំនួយអភិវឌ្ឍ ខណៈដែលប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ដែលត្រូវការជំនួយអភិវឌ្ឍដូចគ្នា៕