សារៈសំខាន់៤យ៉ាងនៃការយល់ដឹងអំពីលំហូរសាច់ប្រាក់ដែលម្ចាស់អាជីវកម្ម មិនគួរមើលរំលង

ដោយៈលក្ខិណា

ភ្នំពេញៈ លំហូរសាច់ប្រាក់សម្រាប់អាជីវកម្មមួយ ជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយផ្នែករបស់អាជីវកម្ម រួមមាន ការត្រួតពិនិត្យលើផ្នែកប្រាក់ចំណូល ចំណាយនានា តាមរយៈការធ្វើរបាយកាណ៍លំហូរ សាច់ប្រាក់ជាប្រចាំសប្ដាហ៍ ខែ ឬពេលកំណត់ណាមួយ ។

ដោយហេតុថា បញ្ហាផ្នែកលំហូរសាច់ប្រាក់របស់អាជីវកម្ម ប្រៀបដូចជាលំហូរឈា​មនៅក្នុងខ្លួនមនុស្សអ៊ីចឹងដែរ  ប្រសិនបើវាមានបញ្ហាណាមួយរាងស្ទះ ដល់លំហូរសាច់ប្រាក់នេះ រាងកាយនៃអាជីវកម្ម ឬប្រតិបត្តិការមួយចំនួន នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសអាជីវកម្មធុនតូច ឬមធ្យម អាចរងផលមិនល្អច្រើន ដោយសារប្រព័ន្ធប្រតិបត្តិលំហូរសាច់ប្រាក់នៅមានកម្រិតតូចនៅឡើយ។ ដូចនេះ ម្ចាស់អាជីវកម្មត្រូវមានការយកចិត្តទុកដាក់ និងធ្វើការសិក្សាស្វែងពីវាឲ្យបានច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារៈសំខាន់៤យ៉ាងនៃការយល់ដឹង អំពីលំហូរសាច់ប្រាក់ដែលម្ចាស់អាជីវកម្មមិនគួរមើលរំលង។

១.ជាជំនួយនៅក្នុងការបង្កើតនូវគម្រោងផែនការ និងការសម្រេចចិត្ត

ដើម្បីបង្កើតផែនការអាជីវកម្ម និងការសម្រេចចិត្ត ដែលនាំឲ្យមានការប្រែប្រួលលើមុខជំនួញរបស់អ្នក អ្នកត្រូវមានចំណេះដឹង ពីការគ្រប់គ្រងនូវលំហូរសាច់ប្រាក់បានល្អ។ នៅពេលអ្នកមានរបាយការណ៍ នៃលំហូរសាច់ប្រាក់មួយ ដែលជាក់លាក់នោះ វានឹងក្លាយជាទិន្នន័យយ៉ាងសំខាន់ សម្រាប់ការសម្រេចចិត្ត និងធ្វើផែនការអាជីវកម្ម ដែលត្រូវនឹងស្ថានភាពជាក់ស្ដែងរបស់អាជីវកម្មតែម្ដង។ ជាពិសេស ភាពវិជ្ជមាននៃលំហូរសាច់ប្រាក់ នឹងអាចជាកាតាលីករ ជំរុញទឹកចិត្តម្ចាស់អាជីវកម្ម ឲ្យបង្កើតនូវយុទ្ធសាស្រ្ដនៅក្នុងរយៈពេលខ្លី ឬវែង ដើម្បីអភិវឌ្ឍអាជីវកម្មនាពេលអនាគត។

២. បង្ហាញពីទិសដៅជាក់លាក់នៃការចំណាយប្រាក់

ការយល់ពីលំហូរសាច់ប្រាក់ នឹងជួយអ្នកឲ្យបង្កើតនូវរបាយការណ៍ លំហូរសាច់ប្រាក់មួយដែលល្អ នឹងជួយអ្នកឲ្យដឹងពីស្ថានភាពជាក់ស្ដែង នៃការចំណាយ និងចំណូលនានា ដើម្បីងាយស្រួលនៅក្នុងការកាត់បន្ថយការចំណាយ ឬបន្ថែមការចំណាយលើផ្នែកណាមួយសម្រាប់ដំណើរអាជីវកម្ម។

៣.ការពារនិងបង្កើនទំនាក់ទំនងជាមួយដៃគូអាជីវកម្ម

នៅក្នុងការធ្វើអាជីវកម្ម ពិតណាស់ត្រូវមានការទំនាក់ទំនងជាមួយអ្នកដទៃ ដូច្នេះភាពវិជ្ជមាន របស់របាយការណ៍លំហូរសាច់ប្រាក់ នៃអាជីវកម្មរបស់អ្នកក៏អាចជាកម្លាំងចលករមួយជំរុញឱ្យដៃគូសហការផ្សេងៗ មានការចាប់អារម្មណ៍ និងបង្កើតទំនុកចិត្តនៅក្នុងការសហការជាមួយអ្នក ដើម្បីអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នាផងដែរ។

៤. យល់ច្បាស់ពីពេលវេលាដើម្បីពង្រីកអាជីវកម្ម

សម្រាប់អាជីវកម្មនីមួយៗ តែងតែមានចក្ខុវិស័យខ្ពស់ នៅក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន។ ដូច្នេះ ការយល់ដឹងពីលំហូរសាច់ប្រាក់ ជាមួយនឹងភាពជាក់លាក់នៃរបាយការណ៍លំហូរសាច់ប្រាក់ នឹងជួយអ្នកឲ្យដឹងពីស្ថានភាពជាក់ស្ដែងរបស់អាជីវកម្ម និងដើ​ ម្បីឱ្យដឹងពីពេលវេលាជាក់លាក់ និងត្រឹមត្រូវនៅក្នុងការពង្រីកអាជីវកម្ម។

ដោយសារមានអាជីវកម្មខ្លះ មានភាពបរាជ័យនៅពេលពួកគាត់ ធ្វើការពង្រីកអាជីវកម្ម ឬអាចផ្ដល់ផលប៉ះពាល់ដល់អាជីវកម្មដើម មកពីមានបញ្ហានៃលំហូរសាច់ប្រាក់មិនសូវល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here