ដោយៈសុជាតា
ភ្នំពេញៈ ក្រុមហ៊ុន Ezecom និងទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (“CGIF”) បានចុះហត្ថលេខាជាមួយក្រុមហ៊ុនមូលបត្រ SBI Royal Securities ដែលជាអ្នករៀបចំ សម្រាប់ការលក់មូលបត្របំណុលទាំងអស់នេះដែលរំពឹងថានឹងចេញនៅត្រីមាសទី៣ឆ្នាំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន royal Group បានបង្ហាញអោយដឹងថា ក្រុមហ៊ុន Ezecom រួមជាមួយ Telcotech គឺជាក្រុមហ៊ុនខ្មែរ១០០% ដែលបានផ្តល់ជូននូវវិសាលភាពគ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន royal group បានលើកឡើងថា “ក្រុមហ៊ុនរបស់យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិតស្តង់ដារដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ”។
នេះគឺជាកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយ ទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (“CGIF”) ដែលជាទីភ្នាក់ងារធានាឥណទានបង្កើតឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និងសមាជិកអាស៊ានបូក៣ រួមមាន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិន។
ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើង បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល ក៏ដូចជាការបង្កើតផែនទីបង្ហាញផ្លូវ ការបោះផ្សាយគំរូ និងការអនុវត្តល្អបំផុត នៃការបោះផ្សាយមូលបត្របំណុល ជាឯកជនសម្រាប់ទីផ្សារមូលធនកម្ពុជាផងដែរ៕