ដោយៈសុជាតា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបង្ហាញអោយដឹងថាការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណកាលទី៣ បូក២ សម្រេចបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា។
គិតត្រឹមត្រីមាសទីពីរ ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលអនុវត្តចំណួលស្ថិតក្នុងរង្វង់ – / + ៥ ភាគរយ ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធិការគ្រប់គ្រង និ ការអនុវត្តផែនការប្រមូលប្រាក់ចំណូល។ រីឯការអនុវត្តចំណាយ យឺតជាងផែនការបន្តិច តែស្ថិតក្នុងស្ថានភាព ដែលសម្រេចបានតាមគោលដៅក្នុងឆ្នាំ។
លោកអគ្គបណ្ឌិត អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ការបន្តពង្រឹងគណនេយ្យហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់អោយអនុវត្តនីតីវិធីអនុវត្តការងារថ្មី តាមក្រសួង ស្ថាប័ន ការពង្រីកមុខងារបន្ថែមថ្មក្នុងប្រព័ន្ធ FMIS ជាពិសេស ពង្រីកការអនុវត្តគម្រោង fMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង២៥ ។
លោកបន្ថែមទៀតថា“ការពង្រឹងប្រសិទ្ធិភាពនៃផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ និងការបញ្ចប់ការត្រៀមខ្លួន ឆ្ពោះទៅរកគណនេយ្យភាពសមិទ្ធកម្ម ព្រមទាំងការគាំទ្រកម្មធីប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត”។
បើទោះបីជាប្រទេសកម្ពុជា ស្ថិតនៅក្នុងបរិការណ៍កូវីដ១៩ ការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ បូក២ ដើម្បីអនុវត្តផែនការសកម្មភាពរួម ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕