ធនាគារពាណិជ្ជធំមួយនៅកម្ពុជាទទួលពានរង្វាន់ជាធនាគារឌីជីថលឆ្នើមពីទស្សនាវដ្ដីហិរញ្ញវត្ថុអន្តរជាតិ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA បានប្រកាសថាខ្លួនទទួលបានពានរង្វាន់ «ធនាគារតាមទូរសព្ទនិងនវានុវត្ត ផ្នែកទូទាត់ដ៏ឆ្នើមប្រចាំនៅកម្ពុជា » ពីទស្សនាវដ្ដី Asian Banking And Finance សម្រាប់ឆ្នាំ២០២០ ដែលពានរង្វាន់នេះគឺសម្រាប់ផ្ដល់ជូនធនាគារណា បន្តផ្ដល់បច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលដល់អតិថិជនរបស់ខ្លួន ។

បើតាមលោក Askhat Azhikhanow នាយកប្រតិបត្តិធនាគារ ABA ថ្លែងក្នុងសេចក្តីប្រកាសឱ្យដឹងថា ពានរង្វាន់ដ៏មានតម្លៃនេះ បានបញ្ជាក់ពីភាពសមស្របនៃយុទ្ធសាស្ត្រសេវា ធនាគារតាមទូរសព្ទដែលធនាគារបានអនុម័ត អោយប្រើប្រាស់កាលពី៦ឆ្នាំមុន ហើយពេលនេះប្រជាជនកម្ពុជាកាន់តែច្រើនបានជ្រើសរើសយកធនាគារABA ដោយសារតែកម្មវិធីទូរសព្ទនេះមានសុវត្ថិភាពនិងងាយស្រួលប្រើប្រាស់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារABA ក៏បានដកស្រង់សម្ដីលោក Timothy Charlton ប្រធាននិពន្ធនាយកនៃទស្សនាAsian Banking and Finance អោយដឹងថា ធនាគារABAបានបង្ហាញពីយុទ្ធសាស្ត្រក្នុងការបន្តផ្ដល់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថលដើម្បីអត្ថប្រយោជន៍អតិថិជន របស់ខ្លួនដូចជាABA Mobile ដែលជាកម្មវិធីទូរសព្ទដ៏ពេញនិយមបំផុតនៅកម្ពុជា ។ ការណ៍នេះ សម្រេចបានដោយការអនុញ្ញាតអោយប្រើប្រាស់សេវាកម្មដ៏ទាក់ទាញ និងាយស្រួលផ្សេងៗជាច្រើនរួមមានសេវាផ្ទេរប្រាក់តាម Swift ការស្នើសុំបើកគណនីតាមអនឡាញ មុខងារទូទាត់មិនប្រើសាច់ប្រាក់តាមកូដ QR ហើយពាណិជ្ជករកាន់តែច្រើនទទួលការទូទាត់តាមកម្មវិធី ABA Mobile នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ បណ្ដាធនាគារពាណិជ្ជជាច្រើននៅកម្ពុជា បានជំរុញការប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈទូរសព្ទដៃជាបន្តបន្ទាប់ ស្របតាមការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅកម្ពុជាក៏ដូចជាពិភពលោក ខណៈអ្នកប្រើប្រាស់សេវាធនាគារកាន់តែច្រើនក៏បានភ្ជាប់កម្មវិធីទូរសព្ទដៃដើម្បីប្រើប្រាស់ក្នុងការទូទាត់នានា ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here