រដ្ឋាភិបាលចំណាយប្រាក់ជិត៨០លានដុល្លារពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ៤៨

ដោយៈតារា

ភ្នំពេញៈ រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៧៨លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់សាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រីកនិងលើកកំពស់គុណភាពផ្លូវជាតិលេខ៤៨ ដែលដំណើរការសាងសង់ចឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។

គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ដោយមានការចូលរួមដោយផ្ទាល់ និង តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង ក្នុងនោះមានបែងចែកចំនួនពីរគន្លង និងចំនួនបួនគន្លង ដោយមានទទឹងផ្លូវ១១ម៉ែត្រសម្រាប់ពីរគន្លង ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រសម្រាប់បួនគន្លង ក្រាលបេតុង កៅស៊ូប្រភេទAC មានកម្រាស់ ០៧សង់ទីម៉ែត្រ បេតុងសរសៃដែក២៥សង់ទីម៉ែត្រ ត្រង់ផ្លូវប្រសព្វ។

ជាងនេះទៅទៀត ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយគ្រោងចំណាយទឹកប្រាក់សរុបប្រមាណជាង៧៨លានដុល្លារអាមេរិក។

ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីបឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា។ តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេសចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង ២). តំបន់សេដ្ឋកិច្ចពិសេសស៊ួយ ឆេង ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា ព្រមទាំងមានតំបន់ទេសចរណ៍គិរីសាគរផងដែរ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ និងបានសំណូមពរ ឱ្យក្រុមហ៊ុនសាងសង់អនុវត្តន៍ គម្រោងសាងសង់ផ្លូវនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋានបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៃការសាងសង់ឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាថា ផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង។

គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចជា ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរ តាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរនិងដឹកជញ្ជូន។ បង្កើនការធានាសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ។ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here