ក្រសួងទេសចរណ៍កម្ពុជា ថៃស្វែងរកកិច្ចសហការក្នុងការពង្រឹងភាពជាដៃគូ

ដោយៈសុធា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា និងថៃបានជួបពិភាក្សាគ្នា ដើម្បីស្វែងរកការពង្រឹងភាពជាដៃគូ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាប្រទេសទាំងពីរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកសុខ សុក្រឹត្យា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការលើវិស័យទេសចរណ៍កម្ពុជា-ថៃ ក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។

លោកសុខ សុក្រឹត្យា បានលើកឡើង ខឿនសុខមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨៥% ចំពោះមនុស្សដែលមានអាយុពី ១៨ឆ្នាំឡើងទៅ និង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ជាងនេះទៀត រាជរដ្ឋាភិបាល បានស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជានាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកបានស្នើស្នើសុំភាគីថៃនូវកិច្ចសហប្រតិបត្តិការមួយចំនូនដូចជា ទី១ បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ ដល់មន្ត្រីទេសចរណ៍កម្ពុជា ទី២ ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន ទី៣ បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នា សម្រាប់ទេសចរបរទេស ទី៤ ជំរុញចលនាទេសច​រណ៍បើកបរឆ្លងដែន (Self Driving-Tour)។

ទី៥ ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ និងទី៦ បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms One Destination) ។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក Phiphat Ratchakitprakarn លោកសុខ សុក្រឹត្យា ក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសាព័ត៌មានថៃ និងបរទេស អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើ គ្រប់វិស័យ ជាពិសេស កម្ពុជាមានច្បាប់វិនិយោគថ្មីដ៏ល្អបំផុតនៅក្នុងតំបន់។

លោកក៏បានស្នើសុំឱ្យអ្នកសារពត៌មានខាងលើ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here