ដោយៈសុធា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកំពុងជំរុញការអនុម័តច្បាប់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីឲ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានភាពល្អប្រសើរ និងយុត្តិធ៌ម។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំកាលពីថ្ងៃម្សិលម៉ិញនេះថា នាយកដ្ឋានជំនាញ ត្រូវបន្តជំរុញការរៀបចំឲ្យចប់ជាស្ថាពរ ឈានទៅដល់ការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា ជាងនេះទៀត មន្រ្តីជំនាញត្រូវបង្កើនសកម្មភាព ទប់ស្កាត់ការក្លែងបន្លំគ្រប់ប្រភេទ និងទប់ស្កាត់ទំនិញខូចគុណភាព ដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។ ក្នុងការងារនេះត្រូវតែធ្វើបុរេសកម្ម ក្នុងការចុះត្រួតពិនិត្យទំនិញក្លែងបន្លំ និងទំនិញខូចគុណភាព ដើម្បីទប់ស្កាត់ការបាត់បង់ជីវិត ឬការប៉ះពាល់សុខភាពឲ្យបានជាមុនជាអតិបរិមា ហើយចៀសវាងការចុះពិនិត្យ និងស្រាវជ្រាវតែនៅពេលណាមានករណីកើតឡើង។
ស្ថាប័នជំនាញត្រូវបង្កើនសកម្មភាពអប់រំ ផ្សព្វផ្សាយការយល់ដឹងអំពីស្រា និងបង្កើនសកម្មភាពចុះយកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ ដើម្បីរកសារធាតុពុលមេតាណុល ឈានទៅបញ្ឈប់ករណីពុលស្រា ដល់ប្រជាពលរដ្ឋ។
លោកប៉ាន សូរស័ក្តិបានបន្តថា មន្ត្រីទាំងអស់គ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តការងាររបស់ខ្លួនជាលក្ខណៈអាជីព និងប្រកបដោយគណនីភាពក្នុងនាមជាមន្ត្រីយុត្តិធម៌ ដោយឈរលើមូលដ្ឋានច្បាប់ជាចម្បង។ មិនត្រូវបង្កើតរបាំងណាមួយ ដល់ការចរាចរណ៍ទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយត្រូវអនុវត្តតួនាទី និងភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងក្នុងករណីចាំបាច់ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត៕