ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨សីហា២០២១ លោកប៉ាប្លូកាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងថា អូស្ត្រាលី នឹងគាំទ្រថវិកាប្រមាណ៩០លានដុល្លារអូស្ត្រាលី សម្រាប់កម្មវិធីអភិវឌ្ឍន៍៥ឆ្នាំបន្ទាប់ ទៅលើវិស័យសំខាន់ៗសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។
អគ្គរាជទូតអូស្ត្រាលី លោក PABLO KANG បានលើកឡើងនូវសំណើរលើកិច្ចការមួយចំនួនទៀត ដូចជា ការសិក្សាបុរេសមិទ្ធិ ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម, កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជា ក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។
លោកទូតបានជម្រាបជូន លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវវឌ្ឍនភាពនៃគម្រោងនានា ដែលទទួលបានការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ដូចជា គំនិតផ្ដួច-ផ្ដើមភាពជាដៃគូមេគង្គ-អូស្រ្ដាលី មជ្ឈមណ្ឌលមេគង្គ-អូស្រ្ដាលីសម្រាប់ទឹក និងប្រព័ន្ធធារាសាស្រ្ដ , ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) និង ការវិនិយោគកសិ-ចំណីអាហារ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ លោកអគ្គរាជទូត ឧបនាយករដ្ឋមន្ដ្រី បានធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្តល់ការគាំទ្រហិរញ្ញវត្ថុ និងជំនួយបច្ចេក-ទេសប្រកបដោយប្រសិទ្ធភាពខ្ពស់កន្លងមក ដោយលោកបាន មានប្រសាសន៍ថា អាទិភាពចំពោះមុខរបស់រដ្ឋាភិបាល គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និងការកសាងសមត្ថភាពកម្ពុជា ដើម្បីអាចរស់នៅជាមួយជំងឺកូវីដ-១៩ ក្នុងរយៈពេលមធ្យម និងវែង។
លោកបន្តថា“នៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបី គឺ ការងើបឡើងវិញ កំណែទម្រង់ និងភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រ វិស័យអាទិភាពជាច្រើន ជាពិសេសវិស័យដែលរងផលប៉ះ-ពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩”៕