ដោយៈសុខុម
សៀងហៃ: ព្យុះភ្លៀងដែលបង្កឡើងដោយវិធានការនិយ័តកម្ម ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជះផលប៉ះពាល់ខ្លាំង មកលើសេដ្ឋកិច្ចរបស់ប្រទេសចិន ស្ទើរតែទាំងមូល ប៉ុន្តែវិនិយោគិនពិភពលោកនៅតែមានសុទិដ្ឋិនិយម ហើយកំពុងតែសម្រុកបង្កើនការវិនិយោគក្នុងវិស័យផ្ទះជួលនៅប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី១២ សីហា ឱ្យដឹងថា ការបង្កើនការវិនិយោគក្នុងវិស័យផ្ទះជួល ពីសំណាក់ក្រុមហ៊ុនអន្តរជាតិនានា រួមទាំងក្រុមហ៊ុន Blackstone និងក្រុមហ៊ុន Warburg Pincus ផងដែរនោះ ដោយសារមើលឃើញថា ចរន្តនយោបាយក្នុងប្រទេសនេះ កំពុងប្រែប្រួលដែលមានផលល្អសម្រាប់ពួកគេ។
មួយរយៈពេលចុងក្រោយនេះ ប្រទេសចិនបានបង្ក្រាបយ៉ាងចាស់ដៃ ទៅលើវិស័យបង្រៀនគួរឯកជន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស ដូចជា ក្រុមហ៊ុន Alibaba របស់កំពូលមហាសេដ្ឋីចិន Jack Ma ក្រុមហ៊ុន Tencent ជាដើម និងបានបង្កើនការរឹតបន្តឹងលើការទិញផ្ទះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងប្រឹងប្រែងកៀរគរមូលធន ដើម្បីជួយជំរុញទីផ្សារផ្ទះជួល ហើយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីស្ថាប័ននានា។
លោក Graeme Torre នាយកគ្រប់គ្រងក្រុមហ៊ុន APG Asset Management ដែលបានចូលប្រឡូកក្នុងទីផ្សារផ្ទះជួលក្នុងប្រទេសចិន ដោយសហការជាមួយ Greystar ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករអចលនទ្រព្យអាមេរិក បានលើកឡើងថា “នៅប្រទេសចិន មនុស្សត្រូវការផ្ទះសម្រាប់រស់នៅ ប៉ុន្តែផ្ទះមានតម្លៃថ្លៃពេកដែលលើសពីសមត្ថភាពរបស់អ្នកទិញ។ ដូចនេះគឺពួកគេត្រូវការផ្ទះសម្រាប់ជួល”។
លោកបន្ថែមទៀតថា “យើងចូលចិត្តបោះទុនវិនិយោគ នៅក្នុងប្រទេសមួយដែលមានគោលនយោបាយច្បាស់លាស់ ជាជាងព្យាយាមគេចវេះ ឬវិនិយោគប្រឆាំងនឹងគោលនយោបាយ”។ លោកបន្តថា “ដូចនេះខ្ញុំយល់ថា វាជានយោបាយដ៏ត្រឹមត្រូវ”។ ក្រុមហ៊ុនខ្ញុំនឹងប្ដេជ្ញាបោះទុនវិនិយោគ ប្រមាណ១,១៧ពាន់លានដុល្លារអាមេរិក ក្នុងទីផ្សារផ្ទះជួលនៅរយៈពេល៣ទៅ៥ឆ្នាំក្រោយ”។
លោក Qiqi Zhang នាយកគ្រប់គ្រងក្រុមហ៊ុន Warburg Pincus (WP.UL) បានថ្លែងថា អាផាតម៉ិនសម្រាប់ជួលរយៈពេលវែង គឺជាដំណោះស្រាយដ៏ល្អបំផុត សម្រាប់ដោះស្រាយបញ្ហាលទ្ធភាពទិញផ្ទះ នៅក្នុងទីក្រុងនានារបស់ប្រទេសចិន។
លោកបន្ថែមទៀតថា “យើងយល់ថា លំនៅដ្ឋានជួលរយៈពេលវែង គឺជាឱកាសដ៏ធំបន្ទាប់”។
អ្វីដែលជាការកត់សម្គាល់ឃើញថា ស្ថាប័ននានាមានការចាប់អារម្មណ៍តិចតួចណាស់លើទីផ្សារផ្ទះជួលក្នុងប្រទេសចិន នៅមុនឆ្នាំ២០១៧ ជាពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានថ្លែងក្នុងសន្និបាតបក្សកុម្មុយនីស្តចិន លើកទី១៩កន្លងមកថា ប្រទេសចិន នឹងជំរុញលើកទឹកចិត្តទាំងការទិញ និងការជួលផ្ទះ។
រដ្ឋាភិបាលក្រុងប៉េកាំង នៅឆ្នាំនេះ បានបង្កើនការអំពាវនាវឱ្យបណ្ដាវិនិយោគិន បង្កើនការផ្គត់ផ្គង់ផ្ទះជួលនៅក្នុងទីផ្សារ៕