ក្រុមហ៊ុនផលិតរថយន្តចិន Great Wall សម្រេចដកខ្លួនចេញពីឥណ្ឌា ទៅវិនិយោគនៅប្រេស៊ីល

ដោយៈសុខុម

ញូវដេលី: ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនផលិតរថយន្តចិន Great Wall Motor បានសម្រេចចិត្តដកទុនមួយផ្នែកធំ នៃទុនវិនិយោគ១ពាន់លានដុល្លារ របស់ខ្លួននៅឥណ្ឌា នៅពេលក្រុមហ៊ុននេះអស់ភាពអត់ធ្មត់ នឹងការរង់ចាំការអនុម័តពីរដ្ឋាភិបាលឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃពុធ ទី១១ សីហា នេះឱ្យដឹងថា ការបង្វែរទិសដៅវិនិយោគ ដែលអាចមានទំហំដល់ទៅ៣០០លានដុល្លារនេះធ្វើឡើង នៅពេលប្រភពទម្លាយថា ក្រុមហ៊ុនចិនមួយនេះ ជិតឈានដល់ការទិញយកអតីតរោងចក្រផលិតរថយន្តអាល្លឺម៉ង់ Daimler ដើម្បីផលិតរថយន្ត។

ក្រុមហ៊ុន Great Wall ថែមទាំងបានប្រគល់ភារកិច្ចឱ្យលោក James Yang ដែលជាប្រធានក្រុមហ៊ុនរបស់ខ្លួនប្រចាំប្រទេសឥណ្ឌា ឱ្យទទួលខុសត្រូវជួយជ្រោមជ្រែងដល់ប្រតិបត្តិការនានា នៅក្នុងប្រទេសប្រេស៊ីលថែមទៀតផង។

ប្រភពច្បាស់ការបានទម្លាយថា ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន Great Wall នេះគឺធ្វើឡើងដោយសាររដ្ឋាភិបាលឥណ្ឌា កាលពីខែមេសា ឆ្នាំ២០២០ បានសម្រេចធ្វើការត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹង លើការវិនិយោគពីប្រទេសចិន ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នា នៅព្រំដែនរវាងប្រទេសយក្សអាស៊ីទាំងពីរ។

ទើបតែ២ខែមុននេះ ក្រុមហ៊ុន Great Wall បានប្រកាសថា ខ្លួននឹងបោះទុនវិនិយោគក្នុងទំហំ១ពាន់លានដុល្លារ ដើម្បីផលិតរថយន្តនៅប្រទេសឥណ្ឌា តាមរយៈការទិញយកអតីតរោងចក្រមួយ របស់ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) ព្រមទាំងផលិតអាគុយ និងគ្រឿងបន្លាស់រថយន្តផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Great Wall បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញរឿងនេះ។ ចំណែកឯរដ្ឋាភិបាលឥណ្ឌា ក៏មិនបានឆ្លើយតបនឹងសំណើ សុំការឆ្លើយបំភ្លឺនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here