ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អនុប្រធានសភាពាណិជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា ជាមួយនឹងកំនើននៃការនាំចេញ កម្ពុជាបានធ្វើពិពិធកម្មទំនិញសម្រាប់ទីផ្សារអន្តរជាតិកាន់តែប្រសើរនាពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី១០ សីហាកន្លងមកថា ការនាំចេញរបស់កម្ពុជា មិនបានថមថយនោះទេ ពិសេសផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក និងកង់ជាដើម ទោះបីស្ថានភាពកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩។
លោកបន្ថែមទៀតថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសចិន ក៏ជាចំណែកដែលនឹងជួយលើកកម្ពស់ សមត្ថភាពនាំចេញរបស់កម្ពុជា។ ជាមួយគ្នានេះកម្ពុជា ក៏បាននិងកំពុងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ឱ្យកាន់តែមានភាពសម្បូរបែបទៅទីផ្សារអន្តរជាតិ”។ លោកថ្លែងថា “នេះជាវឌ្ឍនភាពមួយដែលបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ដោយមិនតែសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនោះទេ”។
លោកឧកញ៉ាលឹម ហេងបានបន្ថែមទៀតថា នៅពេលមានកំណើននៃការនាំចេញ ការនាំចូលផលិតផលវត្ថុធាតុដើម សម្រាប់កែច្នៃក៏នឹងកើនឡើងព្រមគ្នា។
ជាក់ស្តែងនៅឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើន ទៅកាន់ប្រទេសចិនដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត ម្រេច ស្វាយចន្ទីរទៅកាន់ទីផ្សារចិន និងទីផ្សាររបស់ប្រទេសជប៉ុនជាដើម។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន មន្រ្តីរដ្ឋាភិបាលនិងអ្នកជំនាញសេដ្ឋកិច្ចបានយល់ស្របគ្នាថា កម្ពុជានឹងអាចពង្រីកទំហំពាណិជ្ជកម្មទៅកាន់ប្រទេសចិន និងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត៕