គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាផ្តល់ឥណទានសរុបជាង៧៧៣០លានដុល្លារ ដល់អតិថិជន

ដោយៈ ម៉ាណេត

ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា បានផ្តល់ឥណទានសរុបជាង៧៧៣០លានដុល្លារ ដល់អតិថិជនជិត២លាននាក់ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ ហើយភាគច្រើន អតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុគឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

លោកសុខ វឿនប្រធានក្រុមប្រឹក្សាភិបាលស្តីទី នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងដូច្នេះ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពី “កិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់ សហគ្រិនជាស្ត្រី” ដែលចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត២លាននាក់ ក្នុងសំពាធឥណទានសរុបជាង៧ ៧៣០ លានដុល្លារ”។

លោកបានបន្ថែមថា ភាគច្រើនលើសលុបនៃអតិថិជន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រី ដែលស្រ្តីបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។

ប្រធានសមាគមសហគ្រិនស្រ្តតីកម្ពុជា លោកជំទាវឧកញ៉ាកែវ មុំបានមានប្រសា​សន៍ថា ចំណេះដឹងសហគ្រិនស្ត្រីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត ដែលកត្តាទាំងអស់នេះ ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកក្នុងការផ្តល់កម្ចីដល់សហគ្រិនជា ស្ត្រីឱ្យបានតាមតម្រូវការ។

លោកជំទាវបន្តថា “ក្រោមកិច្ចសហការនេះ សមាគមហិរញ្ញវត្ថុទាំងពីរ នឹងជួយពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការបណ្តុះបណ្តាល ឱ្យយល់ដឹងស៊ីជម្រៅលើបញ្ជីគណនេយ្យជាក់លាក់ របាយការណ៍ហិរញ្ញវត្ថុ”។លោកជំទាវបន្តថា “ការកត់ត្រាចំណូលចំណាយឲ្យបានត្រឹមត្រូវ ព្រមទាំងស្នើសុំដល់សមាគមហិរញ្ញវត្ថុទាំងពីរ ជួយសម្រួលបែបបទក្នុងការផ្តល់ឥណទាន ដល់សហគ្រិនជាស្ត្រីឲ្យបានកាន់តែធំទូលាយ មានភាពងាយ ស្រួលជាងមុន និងអត្រាការប្រាក់សមរម្យ”។

លោកជំទាវក៏បានជំរុញលើកទឹកចិត្ត ដល់សហគ្រិនស្ត្រីចុះ បញ្ជីឲ្យបានត្រឹមត្រូវនិងស្របច្បាប់ ដើម្បីទទួលបានឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ និងដើម្បីកសាងទំនុកចិត្តពីគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here