កម្ពុជា​មិនមាន​ការព្រួយបារម្ភ​បើទោះជា​អាច​នឹងត្រូវ​បាត់​ផ្នែក​ខ្លះ​នៃ EBA

 ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង​ម្តង​ហើយ​ម្តង​ទៀតថា កម្ពុជា​មិនមាន​អ្វី​ព្រួយបារម្ភ ពី​ការបាត់បង់​ប្រ​ព័​ន្ឋ​អនុគ្រោះ​ព​ន្ឋ​លើ​រាល់​មុខទំនិញ​លើកលែងតែ​អាវុធ (EBA) នោះទេ។

បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ នៅសល់តែ​ក្នុង​រយៈពេល១ថ្ងៃ​ទៀត ការសម្រេច​ដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​គណៈកម្មការ​អឺរ៉ុប ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ក្រោម​គម្រោង​ពាណិជ្ជកម្ម អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA) នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃស្អែក ទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ​អ្នកជំនាញ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ក៏បាន​សម្តែង​ការមិន​ព្រួយបារម្ភ​ផងដែរ ទាក់ទង​នឹង​បញ្ហា EBA នេះ។

លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​គណៈកម្មការ​សហភាព​អឺរ៉ុប នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នោះទេ ខណៈ​តាម​ការគ្រោងទុក​គណៈកម្មកា​រ​សហភាព​អឺរ៉ុប នឹង​សម្រេច​ដក​ឬ​មិន​ដក​ពី​កម្ពុជា​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ។

ថ្លែង​នៅក្នុង​វេទិកា​តុមូល​ជជែក ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កាលពី​ចុងខែ​កក្កដា ឆ្នាំ២០២០ លោក​បណ្ឌិត​សុខ ទូច បានឱ្យដឹងថា ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប គឺជា​ជញ្ជីង​នយោបាយ ដែល​បានដាក់​បន្ទុក​មកលើ​ក​ម្ពុ​ជា។

លោ​កប​ណ្ឌិ​រសុខ ទូច​ថ្លែង “ខ្ញុំ​មានជំនឿថា EBA នឹងមិន​ត្រូវបាន​ដកចេញ​ពី​កម្ពុជា ព្រោះនេះ ជា​ជញ្ជីង​នយោបាយ​របស់​សហភាព​អឺរ៉ុប” ។ លោក​សង្កត់​ធ្ល​ន់​ថា “បើ​ដក EBA សហភាព​អឺរ៉ុប គឺ​ខ្សោយ​ខាង​ធនធាន​ផ្នែក​នយោបាយ តែ​យ៉ាង​កម្ពុជា​ក៏ត្រូវ​ធ្វើការ​ចរចា​ព្រោះ​មាន​ផលិត​ច្រើនណាស់ ដែល​ត្រូវ​ការធ្វើ​នាំចេញ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។

លោក​សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ខុសពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​សហភាព​អឺរ៉ុប​ឱ្យមក​កម្ពុជា ព្រោះ​ប្រព័ន្ធ​នេះ មិនមាន​ការចរចា​នោះទេ ពោលគឺ​សហភាព​អឺរ៉ុប បានផ្តល់​ឱ្យដល់​កម្ពុជា​ដោយ​ឯកតោភាគី ។

លោក​បន្តថា “នៅពេលដែល​កម្ពុ​ជាមាន​សេដ្ឋកិច្ច​រីកចំរើន សហភាព​អឺរ៉ុប​នឹង​ដក​ទៅវិញ​ដោយ​ស្វ័យប្រវត្តិ” ។ លោក​បន្ថែមថា “ការចរចា​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នេះ គឺ​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក និង​ម្យ៉ាង​គឺ​ដោយសារតែ​កម្ពុ​ជាមាន​ទំនាក់ទំនង និង​កិច្ចសហការ​ល្អជា​មួយ​ប្រទេស​ចិន ពោលគឺ​មិនមែន​ភាគី​ចិន ជួយ​ជ្រោមជ្រែង​ក្នុង​ការចុះ​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រេច​នៅពេលនេះ​ទេ” ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គណៈកម្មការ​អឺរ៉ុប​បានឱ្យដឹង​កាលពី​ខែកក្កដា​កន្លងមកនេះ​ថា ការដក​ផ្នែក​ខ្លះ​នៃ​ការអនុគ្រោះ​ពន្ធ និង​ការជំនួស​មកវិញ​ជាមួយនឹង​ពន្ធ​ស្តង់ដារ​របស់​សហភាព​អ៊ឺរ៉ុប  នឹង​ប៉ះពាល់​ដល់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បានជ្រើសរើស និង​រាល់​ទំនិញ​សម្រាប់​ការធ្វើដំណើរ​និង​ស្ករ ស។

សេចក្តីប្រកាស​ដដែល​ប​ន្ត​ថា ការដក​នេះ​មាន​ចំនួន​ប្រហែល១ភាគ​ប្រាំ ឬ១ពាន់​លាន​អឺរ៉ូ នៃ​ការនាំចេញ​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប។ លើកលែងតែ​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​ជំទាស់​រឿងនេះ បើ​ពុំ​នោះទេ​វិធានការ​នេះ នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ។

ការព្រមាន​ដក ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAរបស់​គណៈ​សហភាព​អឺរ៉ុប​នេះ បានធ្វើ​ផលិតផល​នាំចេញ​របស់​កម្ពុជា ប្រមាណ៤០មុខ រួមមាន សម្លៀកបំពាក់​កាត់ដេរ សម្ភារៈ​ធ្វើដំណើរ វ៉ា​លី​ធ្វើដំណើរ កាបូបស្ពាយ ស្បែកជើង និង​ស្ករស​ផង​នោះ ត្រូវ​បង់ពន្ធ​ឡើងវិញ​ក្នុង​ចំណែក២០ភាគរយ​នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here