ក្រសួងពាណិជ្ជកម្មៈ មជ្ឈត្តការពាណិជ្ជកម្មជួយសម្រួលយ៉ាងច្រើនដល់ភាគីវិវាទពាណិជ្ជកម្មនៅកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ មជ្ឈត្តការពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឲ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។ នេះបើយោងតាមលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា។

លោកស្រីចម និម្មលរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី មជ្ឈត្តការពាណិជ្ជកម្មនៅកម្ពុជា ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូZoom កាលពីម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីរដ្ឋលេខាធិការបានបញ្ជាក់ថា នៅឆ្នាំ២០០៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកបន្ទាប់ពីការចរចាជិតមួយទសវត្សរ៍ ដឹកនាំដោយក្រសួងពាណិជ្ជកម្មនិងក្រោមការចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិ និងមានសិទ្ធិដូចបណ្តាសមាជិកដទៃទៀត ដូចជាសិទ្ធិបោះឆ្នោត សិទ្ធិមិនរើសអើងរវាងសមាជិកនិងសមាជិក សិទ្ធិប្រើប្រាស់យន្តការដោះស្រាយវិវាទពាណិជ្ជកម្មរបស់WTO និងសិទ្ធិទទួលបានភាពអនុគ្រោះពាណិជ្ជកម្មជាដើម។

លោកស្រី បានថ្លែងបន្តថា ក្នុងក្របខ័ណ្ឌសកលលោកនៅពេលដែលការធ្វើពាណិជ្ជកម្មអន្តរជាតិ ឬលំហូរវិនិយោគកាន់តែកើនឡើង វិវាទផ្នែកពាណិជ្ជកម្មក៏កាន់តែច្រើនឡើងៗផងដែរ។ វិវាទពាណិជ្ជកម្មរវាងប្រទេសសមាជិកនៃអង្គការពាណិជ្ជកម្មពិភពបានកើនឡើងពី ២៥ករណីនៅឆ្នាំ១៩៩៥ ទៅ ៦០៥ ករណីនៅឆ្នាំ២០២១ ដែលតម្រូវឲ្យយន្តការដោះស្រាយវិវាទក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់WTO។

លោកស្រីបានថ្លែងបន្តថា ដោយឡែកកម្ពុជាវិញ ដោយកត្តាសន្តិភាព ស្ថេរភាពនយោបាយក្នុងប្រទេស បរិយាកាសវិនិយោគមានភាពទាក់ទាញ និងលក្ខខណ្ឌអំណោយផលពីកត្តាខាងក្នុងនិងក្រៅ បានធ្វើឲ្យសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគមានការកើនឡើងគួរឲ្យគត់សម្គាល់ ចំណែកឯវិវាទពាណិជ្ជកម្មក៏កើនឡើងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មបានទទួលរឿងក្តីចំនួន២៧ករណី។

លោកស្រីរដ្ឋលេខាធិការបានបន្តថា ប្រសិនបើធៀបទិន្នន័យនៃការបង្កើតក្រុមហ៊ុនថ្មី នៅឆ្នាំ២០០៧ មានត្រឹមតែ២.៥៣៥ក្រុមហ៊ុន នៅ ឆ្នាំ២០១៩ មានការចុះបញ្ជីក្រុមហ៊ុនថ្មីរហូតទៅដល់១៦.២០៨ក្រុមហ៊ុន។ ការកើនឡើងនៃចំនួនក្រុមហ៊ុននេះបានបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែវិវាទពាណិជ្ជកម្មរវាងធុរជនតែងកើតមានឡើងដោយយថាហេតុនៅក្នុងប្រតិបត្តិការអាជីវកម្ម ដែលតម្រូវឲ្យមានយន្តការដោះស្រាយវិវាទប្រកបដោយតម្លាភាព សុក្រិត្យភាព ភាពមិនលំអៀងតាមមធ្យោបាយប្រព័ន្ធតុលាការ ឬមជ្ឈត្តការពាណិជ្ជកម្ម។

លោកបានថ្លែងបន្តថា ហេតុដូចនេះក្រៅពីប្រព័ន្ធតុលាការ យើងមើលឃើញពីតួនាទីយ៉ាងសំខាន់របស់មជ្ឈត្តការពាណិជ្ជកម្មនៅក្នុងការសម្របសម្រួល ផ្សះផ្សារ និងផ្តល់នូវដំណោះស្រាយដល់ភាគីវិវាទ ដែលជួយឲ្យធុរជនបរទេសមកវិនិយោគនៅប្រទេសកម្ពុជា និងធុរជនក្នុងស្រុក ងាយដោះស្រាយវិវាទពាណិជ្ជកម្មបានលឿនរហ័ស ប្រកបដោយទំនុកចិត្ត។

ជាមួយគ្នានេះ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវិត-១៩ ប្រតិបត្តិករមជ្ឈត្តការផ្នែកពាណិជ្ជកម្ម អតិថិជនដែលមានតម្រូវការផ្នែកមជ្ឈត្តការ និងពិភពលោក មានតម្រូវការកាន់តែច្រើនក្នុងការរកមធ្យោបាយដោះស្រាយវិវាទពាណិជ្ជកម្មដើម្បីកុំឲ្យមានភាពរាំងស្ទះដល់ដំណើរសវនាការអាជីវកម្មរបស់ពួកគេ។នេះមានន័យថាតម្រូវឲ្យ មានការខិតខំប្រឹងប្រែងដោយ ស្ថាប័ន ប្រតិបត្តិករ ចៅក្រម តុលាការ និងមេធាវីដើម្បីផ្លាស់ប្តូរនីតិវិធីនៃសវនាការតាម រយៈប្រព័ន្ធវីដេអូ ដូចជាការសំភាសន៍សាក្សីតាមប្រព័ន្ធវីដេអូ Zoom ការដាក់ពាក្យតាមប្រព័ន្ធអេឡិចត្រូនិក និងសវនាការតាមប្រព័ន្ធអនឡាញ (virtual hearings)។

នៅខែមេសាឆ្នាំ២០២០ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ រាតត្បាតនិងការបិទខ្ទប់ Lockdown ក្រុមនៃស្ថាប័នមជ្ឈត្តការអន្តរជាតិ international arbitral institutions ឈានមុខគេ រួមទាំង International Chamber of Commerce (ICC), Stockholm Chamber of Commerce (SCC), the International Centre for Settlement of Investment Disputes (ICSID), International Centre for Dispute Resolution (ICDR), Singapore International Arbitration Centre (SIAC), Hong Kong International Arbitration Centre (HKIAC) and London Court of International Arbitration (LCIA) បានចេញសេចក្តីថ្លែងការរួមដែលមិនធ្លាប់មានពីមុនមក ដើម្បីកត់សំគាល់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការជាមួយគ្នាឆ្លើយតបទៅនឹងជំងឺរាតត្បាត និងធានាឡើងវិញដល់ការធ្វើអាជីវកម្មទាំងឡាយថា យុត្តិធម៌ នឹងបន្តមានដោយមិនឈប់ឈរ។

មជ្ឈត្តការផ្នែកពាណិជ្ជកម្មគឺជាដំណើរការដោះស្រាយវិវាទដោយស្ម័គ្រចិត្តដែលចងភ្ជាប់នូវកាតព្វកិច្ចទៅលើកម្មវត្ថុនៃវិវាទផ្នែកពាណិជ្ជកម្ម រវាងភាគីវិវាទ តាមរយៈការប្រើប្រាស់មជ្ឈត្តករ ម្នាក់ឬច្រើននាក់ ក្រៅផ្លូវតុលាការ។ មជ្ឈត្តករពិនិត្យលើភ័ស្តុតាងដែលភាគីវិវាទបានដាក់ និងចេញសេចក្តីសម្រេចដែលហៅថាមជ្ឈត្តវិនិច្ឆ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here