ដោយៈ សាវុធ
ភ្នំពេញៈ ការនាំចេញផ្លែស្វាយស្រស់របស់កម្ពុជា សម្រេចបានចំនួនជាង១៦ម៉ឺនតោន នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ កើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយកាលពីថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងទៀថា បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេស បានចំនួន ១៦១,២២៨.៥៥តោន កើនឡើងចំនួន២៤៧.៩២%។
ផ្លែស្វាយស្រល់ជាង១៦ម៉ឺនតោននោះ ប្រទេសវៀតណាមជាប់លេខរៀងទី១ ក្នុងការនាំចូលស្វាយពីកម្ពុជាមានចំនួន១៣៩,៦០៦.៦៨តោន លេខរៀងទី២ ប្រទេសថៃចំនួន២១,២១៩.២៨តោន បន្ទាប់មកប្រទេសចិនមានចំនួន២១១.២២តោន ប្រទេសកូរ៉េមានចំនួន ១២៤.៣៨តោន ទីក្រុងហុងកុងចំនួន ៥០.៧៨តោន ប្រទេសសិង្ហបុរីចំនួន១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន០.០១តោន។
ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១៣,៥២៤.៥តោន កើនឡើងចំនួន ១៩៤.១៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១១,០៩៥.៥៩តោន ប្រទេសជប៉ុនចំនួន ៥១២.៥០តោន ប្រទេសកូរ៉េចំនួន ១៤.៥៦តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥.៦៩តោន ប្រទេសថៃចំនួន ១,០៦៤.៦១តោន សហរដ្ឋអាមេរិកចំនួន ៨.៥៦តោន ប្រទេសវៀតណាមចំនួន ៧៦.៨០តោន ចក្រភពអង់គ្លេស ១៦.១៤តោន, និងប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន។
យ៉ាងមិញកម្ពុជាបាននាំចេញទឹកស៊ីរ៉ូស្វាយចំនួនជាង ៤,០៦៩.៦២តោន កើនឡើងចំនួន ៧៩.១៦% ដែលនាំចេញទៅកាន់ប្រទេសចិនប្រមាណ ១៤៨តោន, និងប្រទេសហ្វីលីពីនចំនួន ៣,៩២១.៦២តោន៕