ដោយៈ ម៉ាណេត
ភ្នំពេញៈ អាស៊ាន និងជប៉ុន បានឯកភាពសម្រួលឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពភាពភាពធន់រឹងមាំ នៃសេដ្ឋកិច្ចរបស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ នេះបើយោងការលើកឡើងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។
កិច្ចប្រជុំរវាងអាស៊ាន-ជប៉ុនបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-ជប៉ុន តាមរយៈការអនុវត្តផែនការអនុវត្តនៃសេចក្តីប្រកាសចក្ខុវិស័យស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ចក្ខុវិស័យរួមគ្នា អត្តសញ្ញាណរួមគ្នា អនាគតរួមគ្នា ដែលត្រូវបានកែ សម្រួលឡើងវិញ។
អាស៊ានបានសម្តែងនូវការកោតសរសើរចំពោះប្រទេសជប៉ុនសម្រាប់ការផ្តល់វ៉ាក់សាំង ការគាំទ្រដល់ការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ តាមរយៈហិរញ្ញវត្ថុអភិវឌ្ឍ និងការពង្រឹងភាពរឹងមាំតំបន់ តាមរយៈ ការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED)។
ក្រសួងការបរទេស បានឱ្យដឹងដូច្នេះថា “ទាំងអាស៊ាន និងជប៉ុនបានឯកភាពសម្រួលឱ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញឆាប់រហ័ស តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពភាពភាពធន់រឹងមាំនៃសេដ្ឋកិច្ចរបស់អាស៊ាន-ជប៉ុន និងការគាំទ្រដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន”។
ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសង្កត់ធ្ងន់ពីការការគាំទ្រដ៏សប្បុរសរបស់ជប៉ុន ដល់សមាហរណកម្មតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។
ដោយទទួលស្គាល់ថា ជប៉ុនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់អាស៊ាន លោកឧបនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀង RCEP នឹងមាន តម្លៃធំធេងចំពោះដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញនេះ។
ទន្ទឹមនឹងការទទួលស្គាល់ពីសារៈសំខាន់នៃការគាំទ្ររបស់ជប៉ុនដល់ពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ តំបន់ រួមទាំងប្រទេសកម្ពុជាផងដែរនោះ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យមានគម្រោងសហប្រតិបត្តិការ បន្ថែមទៀត ដើម្បីបង្កើតបានជាការសំយោគរវាងផែនការមេ ស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ ២០២៥ ជាមួយនិងភាពជាដៃគូទូលំទូលាយសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព៕