ខេត្តកែបទាក់ទាញទុនវិនិយោគទំហំ២០០លានដុល្លារ ក្នុងគម្រោងអភិវឌ្ឍន៍ រវាងរដ្ឋនិងឯកជន

ដោយៈលក្ខិណា

ភ្នំពេញៈ ខេត្តកែបបានទាក់ទាញ គម្រោងវិនិយោគចំណងជលយានមួយ នៅឆ្នេរសមុទ្រខេត្តកែបរវាងរដ្ឋនិងឯកជន ត្រូវបានចុះអនុស្សរណយោគយល់ជាផ្លូវការនៅថ្ងៃទី៤សីហា ២០២១នេះ ដែលគម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ២០០លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋមានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខាយោគយល់ថា គម្រោងនៃការសាងសង់ចំណតផែជលយាននេះ មានទីតាំងជាប់គ្នាជាមួ​យគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់ កម្សាន្តសាធារណៈកម្រិតខ្ពស់ នៅខេត្តកែប ដែលមានប្រវែង២.៧០០ម៉ែត្រ។ គំរោងនេះត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ. ឆ. ក) ប្រកាសគាំទ្រកាលពីពេលកន្លងទៅ។

លោកបន្តថា “គម្រោងនេះជាមុខព្រួញថ្មី នៃការអភិវឌ្ឍវិស័យទេសចរណ៍ឆ្ពោះទៅទិសខាងលិចនៃខេត្តកែប ហើយក៏ជាទីតាំងតភ្ជាប់ នៃគម្រោងពង្រីកឆ្នេរខ្សាច់កម្សាន្តថ្មីក្នុងសង្កាត់ពីរគឺសង្កាត់ព្រៃធំ និងសង្កាត់អូរក្រសារ”។

លោកសោម ពិសិដ្ឋបានបន្តថា គម្រោងសាងសង់ផែជលយាននេះ នឹងផ្តល់នូវផលប្រយោជន៍ និងឱកាសការងារជាច្រើន សម្រាប់ប្រជាជនមូលដ្ឋាន ក៏ជាផ្នែកមួយនៃការរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋខេត្តកែប ដែលភាគច្រើនពឹងផ្អែកលើមុខរបរនេសាទសមុទ្រ និងបម្រើសេវាកម្មទេសចរណ៍។ ក្នុងនោះដែរ លោកក៏បានជំរុ​ញដល់វិនិយោគិនដែលទទួលខុសត្រូវ អនុវត្តន៍គម្រោង ត្រូវអនុវត្តទៅតាមកិច្ចសន្យាដែលបានព្រមព្រៀង ដើម្បីឲ្យសមិទ្ធផល ដែលទទួលបានប្រកបដោយគុណភាព តាមស្តង់ដារ និងបច្ចេកទេសត្រឹមត្រូវ និងពន្លឿនការសាងសង់ឱ្យបានតាមពេលកំណត់។

លោក អ៊ឹង  កូវហៃ ជាអ្នកទទួលបានសិទ្ធិក្នុងការសាងសង់កំពង់ផែជលយាន្តសេះសនេះបានមានប្រសាសន៍ថា នឹងអាចបញ្ចប់គម្រោងសាងសង់ក្នុងអំឡុងចុងឆ្នាំ ២០២៣ ដោយប្រើរយៈពេលសាងសង់ប្រហែលពីរឆ្នាំ ។

កែបជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ហើយរយៈពេលចុងក្រោយនេះ ខេត្តកែបនិងខេត្តកំពត ជាខេត្តទទួលបានភ្ញៀវទេសចរមកទស្សនា និងកម្សាន្តច្រើនជាងក្នុងចំណោ​មបណ្ដាខេត្តសក្ដានុពលជាច្រើនទៀត។ បច្ចុប្បន្ននេះខេត្តកែប និងកំពត ក៏មានផ្លូវតភ្ជាប់ពីភ្នំពេញ យ៉ាងស្អាតដែលនឹងអាចទាក់ទាញទេសចរបន្ថែមទៀត នៅពេលចប់វិបត្តិនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here