ដោយៈ សាវុធ
ភ្នំពេញៈ រាជរដ្ឋាភិបាល និងផ្នែកឯកជន បានបើកកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” ដើម្បីដាក់ជូនពិគ្រោះពិភាក្សា និងដោះស្រាយ បញ្ជាក់បំភ្លឺទៅលើបញ្ហាប្រឈម កង្វល់ និងសំណើរសំណូមពរដែលលើកឡើងដោយផ្នែកឯកជន។
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមប្រព័ន្ធវីដេអូសន្និសិទ (zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានអ្នកសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន និង លោក អានូដ ដាក ( Mr. Arnaud DARC) សហប្រធានក្រុមការងារ “ឃ” តំណាង ផ្នែកឯកជន។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដាក់ជូនពិគ្រោះពិភាក្សា និងដោះស្រាយ បញ្ជាក់បំភ្លឺទៅលើបញ្ហាប្រឈម កង្វល់ និងសំណើរសំណូមពរដែលលើកឡើងដោយផ្នែកឯកជន ជូនក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាសហប្រធានក្រុមការងារដោយផ្ទាល់។
បញ្ហាដែលត្រូវលើកក្នុងកិច្ចពិភាក្សា គឺ “ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់និវាសនជន ម្ចាស់អាជីវកម្ម និយោជក និងអ្នកវិនិយោគ ដែលជាជនជាតិបរទេសជាដើម មានបំណងចូលមកព្រះរាជាណាចក្រកម្ពុជា ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងនៃជំងឺកូវីដ-១៩។
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូសន្និសិទ (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:៤៩នាទីព្រឹកក្នុងបរិយាកាសយោគយល់គ្នា និងទទួលបានលទ្ធផលល្អ៕