ក្រុមហ៊ុនអូស្ត្រាលីមួយគ្រោងយកកសិករកម្ពុជាទៅបម្រើការនៅកសិដ្ឋាន ប្រទេសអូស្ត្រាលី

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនមួយរបស់ប្រទេសអូស្រ្តាលី បាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកកសិករកម្ពុជាទៅបំរើការងារ នៅតាមកសិដ្ឋានចិញ្ចឹមសត្វនៅ​ប្រទេសអូស្រ្តាលី ជាមួយប្រាក់ចំណូលខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ឲ្យដឹង ក្នុងជំនួបជាមួយលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodiaកាលីថ្ងៃទី៣ សីហា ២០២១នេះថា ក្រុមហ៊ុនLexmin Pty Ltd Cambodia របស់ប្រទេសអូស្ត្រាលី គ្រោងនឹងយកកសិករកម្ពុជា ដែលមានសមត្ថភាពទៅបម្រើការ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្ត្រាលី នៅពេលខាងមុខនេះ។

លោកបានណែនាំឱ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម   រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្ស ដោយចែកចេញជាពីរដំណាក់កាល ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីតែម្តង។

លោកវេង សាខុនបានបន្តថា ការទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូរស្រ្តា​លី ក៏ជាពង្រីកសមត្ថភាពរបស់កសិករកម្ពុជា លើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត ។

លោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយប្តេជ្ញាចិត្តថា ក្រុមហ៊ុននឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជា ទៅស្វែងរកបទពិសោធន៍ល្អៗ ទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។

លោកបន្តថា “ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្ម ដែលផ្តល់ឱកាសការងារជូនកសិករ មកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលី ដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ”។

យោងតាមរបាយការណ៍របស់ លោកងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ក្រុមហ៊ុនបានិងកំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គលើផ្ទៃដី២២ហត នៅតំបន់អភិវឌ្ឍតេជោសែន ក្នុងស្រុកឈូក ខេត្តកំពត។

កសិដ្ឋានបានដាំដំណាំសម្រាប់កែច្នៃជាអាហារបំប៉នសុខភាព ដូចជាម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះ កំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស។ រាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមមានស្តង់ដារសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។

លោកងិន ឆាយបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ពិធីចុះអនុស្សរណ:នេះនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងអញ្ជើញឯកអគ្គរដ្ឋទូតអូស្រ្តាលីចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here