រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១ពាន់លានដុល្លារទៅលើកម្មវិថីជួយសង្គម និងស្ដារសេដ្ឋកិច្ច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈចាប់តាំងពីកម្ពុជាជួបប្រទះ នឹងវិបត្តិដោយសារតែកូវីដ១៩ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកហើយ ទៅលើកម្មវិធីជួយសង្គម និងស្ដារសេដ្ឋកិច្ច។ នេះបើតាមប្រសាសន៍សម្ដេចតេហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ដល់កុមារពីអាយុ១២ដល់១៨កាលពីថ្ងៃទី១ សីហា ២០២១។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាអស់ប្រមាណ១ភាគ៣ ឬស្មើនឹងជាង១ពាន់លានដុល្លារ នៃថវិកាសន្សំ ដែលមានក្នុងដៃស្រាប់សរុបជាង ៣ពាន់លានដុល្លារ ក្នុងការដោះស្រាយបញ្ហានា នា ដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស ដែលបង្កឡើងដោយជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្ថែមថា “ថ្វីត្បិតវិបត្តិជំងឺកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយ ក៏ប៉ុន្តែវាមិនមានន័យថា អាចធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំនោះទេ ខណៈរាល់ការចំណាយនៅក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាសន្សំរបស់ខ្លួនប៉ុណ្ណោះ ដោយមិនទាន់បានប្រើប្រាស់ប្រាក់កម្ចីបរទេសទេ”។

គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាល បានចំណាយថវិកាជាង៤០០លានដុល្លារ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រមាណ៣លាននាក់ នៅទូទាំងប្រទេស ។ ក្រៅពីនេះ ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ បម្រើការងារនៅក្នុងវិស័យរោងចក្រវាយនភណ្ឌកាត់ដេរ ស្បែកជើង និងកាបូបធ្វើដំណើរ និងបុគ្គលិកបម្រើការងារ នៅក្នុងវិស័យពាក់ព័ន្ធទេសច​រណ៍ ដែលត្រូវថៅកែព្យួរការងារ ក្នុងអំឡុងពេលវិបត្តិនេះផងដែរ។

សម្តេចតេជោបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ ២០២១​នេះ ចំណូលពន្ធគយ និងពន្ធដារ ទទួលបានចំនួន៣.០៦១លានដុល្លារ ដែលនឹងរំពឹងថា នឹងអាចទទួលបានយ៉ាងហោចណាស់ចំនួន៥ពាន់លានដុល្លារ នៅដំណាច់ឆ្នាំនេះ។ ទោះបីជាចំណូលពន្ធពេលនេះ ថយចុះបន្តិចក៏ដោយ ប៉ុន្តែសម្តេចតេជោបានថ្លែងថា ចំណូលចរន្តនេះ នឹងអាចរក្សាបានក្នុង១ខែជាមធ្យមចំនួន៤០០លានដុល្លារ ដែលអាចទ្រទ្រង់ការចំណាយបាន។

ឆ្នាំ២០២១នេះកូវីដ១៩ បានចាប់ផ្ដើមរាលដាលកាន់តែខ្លាំង នៅក្នុងតំបន់និងពិភពលោក ក្នុងនោះកម្ពុជាក៏ចាប់ផ្ដើមានស្ថានភាពធ្ងន់ធ្ងរ ជាពិសេសចាប់តាំងពីអំឡុខែកុម្ភៈ២០២១មក ដែលធ្វើឱ្យមានចំនួនអ្នកស្លាប់ កើតមានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ខណៈអ្នកឆ្លងថ្មីនៅតែមានចំនួនខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here