លោកផល វ៉ាន់ឌីៈបើគ្មានវិស័យមីក្រូហិរញ្ញវត្ថុសេដ្ឋកិច្ចកម្ពុជាអាចនឹងដើរយឺតជាងនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកផល វ៉ាន់ឌី បានថ្លែង ថា វិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចប្រទេសកម្ពុជាជាពិសេស ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមទីជនបទ ហើយបើគ្មានវិស័យមីក្រូហិញ្ញវត្ថុទេនោះ សេដ្ឋកិច្ចកម្ពុជាអាចនឹងដើរយឺតជាងនេះ។

លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះថា សេវារបស់មីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជនបទ ជាពិសេសគាំទ្រដល់អតិថិជនជាស្ត្រី ដើម្បីទទួលបានប្រាក់កម្ចី ប្រកបដោយការទទួលខុសត្រូវរយៈពេលជាង៣០ឆ្នាំមកនេះ  ជាពិសេសសនៅក្នុងឆ្នាំ២០០៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ការទទួលស្គាល់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីថា វិស័យមីក្រូហិរញ្ញវត្ថុពិតជាបានលើកកម្ពស់សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចប្រទេសជាតិទាំងមូល”។លោកបន្តថា “ដូច្នេះភស្តុតាងបានបញ្ជាក់ថាវិស័យមីក្រូហិរញ្ញវត្ថុ បានបន្តដើរតួនាទីរហូតមកដល់សព្វថ្ងៃនេះ ចូលរួមចំណែ​កយ៉ាងសកម្មក្នុងការលើកកម្ពស់ ការទទួលបានហិរញ្ញវត្ថុប្រកបដោយការទទួលស្គាល់”។

លោកផល វ៉ាន់ឌីបានបន្តទៀតថា មកដល់សព្វថ្ងៃនេះ វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកអភិវឌ្ឍន៍ដល់ជនបទ ជួយលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបានហិរញ្ញវត្ថុយកទៅប្រើប្រាស់ពង្រីកអាជីវកម្ម ចូលរួមដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

លោកបន្ថែមថា នៅក្នុងបរិបទកូវីដ១៩នេះ សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុបានគាំទ្រ និងចូលរួមដល់ការរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនប្រមាណ៣០ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់១៦០០លានដុល្លារអាមេរិក ហើយចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភ២០២១នេះ សមាគមមីក្រូហិរញ្ញវត្ថុ ក៏បានដាក់វិធានការយោគយល់កម្រិតខ្ពស់បំផុតដល់អតិថិជនរបស់ខ្លួន ដោយមិនធ្វើការផាកពិន័យ រាល់ការបង់យឺត និងអនុគ្រោះដោយមិនបង់ការប្រាក់ជាដើម ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ក្នុងរយៈពេល១ឆមាសឆ្នាំ២០២១ ទ្រព្យសកកម្មរបស់វិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើង១៤,២ភាគរយ គិតជាទឹកប្រាក់ប្រមាណ៨,៩ពាន់លានដុល្លារអាមេរិក។ ឥណទានអតិថិជនបានកើនឡើងដល់១៩,៣ភាគរយ ស្មើនឹង៧,៦ពាន់លានដុល្លារអាមេរិកនិងប្រាក់បញ្ញើ ក៏បានកើនឡើង១៩,៣ភាគរយ គិតជាទឹកប្រាក់៣,៩ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here