ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា អ្នកវិនិយោគចិន និងវិនិយោគិនបរទេសជាច្រើនទៀត បានត្រៀមខ្លួនរួចហើយដើម្បីមកវិនិយោគនៅកម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ដូចការលើកឡើងកន្លងមកហើយថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា បានផ្តល់កាលានុវត្តន៍ភាគយ៉ាងខ្លាំងដល់កម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ជាមួយប្រទេសចិន និងប្រទេសដទៃទៀត ដោតសារកិច្ចព្រមព្រៀងនេះ នឹងផ្តល់ការអនុគ្រោះពន្ឋនាំចេញលើមុខទំនិញដែលផលិតនៅកម្ពុជា។
លោកបន្តថា “ង្នកវិនិយោគចិន នឹងមកកម្ពុជាកាន់តែច្រើនដើម្បីផលិត កែច្នៃនាំចេញទៅកាន់ទីផ្សារចិន ដោយបច្ចុប្បន្នផលិតផលកសិកម្មជាច្រើន ត្រូវបាននាំចេញ និងរោងចក្រផលិតសំបកកង់រថយន្តធំៗចំនួន៣ បានមកបោះទីតាំងផលិតនៅកម្ពុជា”។លោកបន្តថា “នៅមានផលិតផលកសិកម្ម និងផលិតផលជាច្រើនទៀត នឹងផលិតចេញពីកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារចិន”។
ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កម្ពុជាក៏បានបញ្ចប់ការចចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណៈរដ្ឋកូរ៉េ និងការចុះកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់ (RCEP) នឹងធ្វើឲ្យទំហំពាណិជ្ជកម្មកម្ពុជា ពិសេសការនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងកើនឡើង ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងនឹងមានការររីកចម្រើនលឿន និងមានកំនើនខ្ពស់បន្ថែមទៀតនាពេលអនាគត។ លោកឧកញ៉ាលឹម ហេងបញ្ជាក់ឲ្យដឹង។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានមានប្រសាសន៍៍ឲ្យដឹងផងដែរថា ច្បាស់លាស់ណាស់ អ្នកវិនិយោគចិននឹងមកកាន់កម្ពុជាកាន់តែច្រើននាពេលអនាគត ប៉ុន្តែស្ថានភាពបច្ចុប្បន្ននេះ មិនទាន់មានភាអំណោយផលទេ ដោយសារបញ្ហាជំងឺកូវីដ១៩។
លោកបន្តថា “ចិននឹងមកកម្ពុជាកាន់តែច្រើន ដោយសារនៅទីនេះ ពួកគេអាចរកផលចំណេញបានពីការវិនិយោគរបស់ពួកគេ”៕