ដោយៈសុខុម
អន្តរជាតិៈ មជ្ឈដ្ឋានទូទៅសុទ្ធតែមើលឃើញថា សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និងមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកបានប្រជែងគ្នា យ៉ាងស្វិតស្វាញបំផុតលើគ្រប់វិស័យ មិនថាផ្នែកសេដ្ឋកិច្ច យោធា ការទូត ឬវិទ្យាសាស្ត្រ។
ងាកមកមើលទុនបម្រុងអន្តរជាតិ (Foreign-exchange reserves ឬ Forex reserves) វិញ តើសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ ឬក៏មហាយក្សចិន ដែលជាមហាអំណាចទី២ ដែលមានទុនបម្រុងអន្តរជាតិច្រើនជាងគេបំផុតក្នុងពិភពលោក? ។
អ្នកទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើល ពេលដែលបានដឹងចម្លើយពិតមួយនេះ។ យោងតាមគេហទំព័រ knoema.com ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា មហាយក្សចិន បានក្លាយជាប្រទេសដែលមានទុនបម្រុងអន្តរជាតិ ច្រើនជាងគេបំផុតក្នុងពិភពលោក គឺមិនមែនសហរដ្ឋអាមេរិកឡើយ។
យោងតាមទិន្នន័យបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ នេះមហាយក្សចិន មានទុនបម្រុងអន្តរជាតិរហូតដល់ ទៅជាង៣,២ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង៣៣,១៦%នៃទុនបម្រុងអន្តរជាតិរបស់ពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះដែរ ប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់ទី២ ជាមួយនឹងទុនបម្រុងអន្តរជាតិជាង១,៣ទ្រីលានដុល្លារអាមេរិក ចំណាត់ថ្នាក់លេខ៣បានទៅលើប្រទេសឥណ្ឌា ជាមួយនឹងទុនបម្រុងអន្តរជាតិ ជាង៦០៨ពាន់លានដុល្លារអាមេរិក ហើយចំណាត់ថ្នាក់លេខ៤ បានទៅលើសហព័ន្ធរុស្ស៊ី ជាមួយនឹងទុននឹងទុនបម្រុងអន្តរជាតិជាង៥៩១ពាន់លានដុល្លារអាមេរិក។ ចំណែកឯចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសសិង្ហបុរី ជាមួយនឹងទុនបម្រុងអន្តរជាតិ ជាង៥៣១ពាន់លានដុល្លារអាមេរិក។
សរុបបញ្ចូលគ្នា ទុនបម្រុងអន្តរជាតិរបស់ប្រទេសទាំង៤ខាងក្រោមនេះ មានចំនួនស្មើនឹង៦៤,៥២% នៃទុនបម្រុងអន្តរជាតិបស់ពិភពលោកទាំងមូល។
គិតត្រឹមខែមិថុនា ឆ្នាំនេះ ទុនបម្រុងអន្តរជាតិសរុបទូទាំងពិភពលោក ទាំងមូលមានចំនួនប្រមាណជាង៩,៧ទ្រីលានដុល្លារអាមេរិក។
ចុះសហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកវិញ តើជាប់ចំណាត់ថ្នាក់លេខប៉ុន្មាន និងមានទុនបម្រុងអន្តរជាតិចំនួនប៉ុន្មាន?
យោងតាមគេហទំព័រដដែលបង្ហាញថា សហរដ្ឋអាមេរិក បានជាប់ចំណាត់ថ្នាក់ច្រើនស្ទើរមិនគួរឱ្យជឿ ដែលបានឈរចំណាត់ថ្នាក់រហូតដល់ទៅលេខ៧៥ ជាមួយនឹងទុនបម្រុងអន្តរជាតិ ត្រឹមតែជាង១៤៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕