ដោយៈ លក្ខណា
ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីសក្ដានុពលវិនិយោគនៅកម្ពុជាដល់វិនិយោគិនរុស្ស៊ីដើម្បីបណ្ដាក់ទុនវិនិយោគវិនិយោគនៅកម្ពុជាបន្ថែម។
អ្នកឧកញ៉ាគិតម៉េងបានមានប្រសាសន៍នៅក្នុងជំនួបធុរកិច្ចលើកដំបូងតាមរយៈប្រព័ន្ធអនឡាញជាមួយក្រុមហ៊ុនរុស្ស៊ីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ថា ប្រទេសកម្ពុជា នៅមានសក្តានុពលវិនិយោគជាច្រើន ដែលវិនិយោគិនរុស្ស៊ីគួរពិចារណាវិនិយោគបន្ថែមទៀត ដូចជា វិស័យកសិកម្ម ថាមពល ឱសថ ផលិតកម្ម និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្រៅតែពីធ្វើការវិនិយោគលើផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងការអភិវឌ្ឍរមណីយដ្ឋាន។
អ្នកឧកញ៉ាគិត ម៉េងបានបន្តថាប្រទេសទាំងពីរ គឺជាដៃគូយូរអង្វែង និងមានចំណងទាក់ទងជាមិត្ត ភាពជិតស្និទ្ធតាំងពីយូរលង់ណាស់មកហើយ។ ទំនាក់ទំនងទ្វេភាគីនេះ ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។
ប្រទេសកម្ពុជា ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ដែលសក្តិសមបំផុតសម្រាប់មូលដ្ឋានផលិតកម្ម និងងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ហើយថា ថ្មីៗនេះ ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RECP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជា មួយចិន និងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណៈរដ្ឋកូរ៉េ នាពេលឆាប់ៗខាងមុខនេះ នឹងជួយពង្រីកទីផ្សារ ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែក្លៀវក្លាបន្ថែមទៀត។
អ្នកឧកញ៉ា បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន និងវិនិយោគិនរុស្ស៊ីទាំងអស់ ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ី ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
មកទល់ពេលនេះ សភាពាណិជ្ជកម្មបានរៀបចំជំនួបពាណិជ្ជកម្ម និងកម្មវិធីជំរុញការវិនិយោគជាមួយប្រទេសរុស្ស៊ី ក្នុងវិស័យផ្សេងៗជាច្រើន និងបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការជាមួយមូលនិធិ Roscongress នៅឆ្នាំ២០១៨ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី នៅឆ្នាំ២០១៦ និងអនុស្សារណៈយោគយល់ជាមួយសមាគមស៊ីប៊េរី សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវប្បធម៌ នៅឆ្នាំ២០១៥។
បើទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេ សទាំងពីរ នៅមានទំហំតូចនៅឡើយ ពោលគឺកាលពីឆ្នាំ ២០២០កន្លងទៅនេះ មានតម្លៃទឹកប្រាក់សរុបប្រមាន ១៩៧លានដុល្លារអាមេរិកប៉ុណ្ណោះ៕