ដោយៈ ម៉ាណេត
ភ្នំពេញៈ យោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ចាប់ពីខែមករាដល់ខែមិថុនា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ប្រមាណ៤៥១លានដុល្លារអាមេរិក កើនឡើង៦,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខ។
ទិន្នន័យបានឱ្យដឹងទៀតថា កម្ពុជាបាននាំចេញទំនិញចំនួន១៥៩លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ១,៦ភាគរយក្នុងរយៈពេល៦ខែ ដើមឆ្នាំ។ ការនាំចេញរបស់កូរ៉េខាងត្បូងមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ២៩២លានដុល្លារកើនឡើង ១១,៩ ភាគរយ។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់កាលពីម្សិលមិញថា ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងនៅតែល្អប្រសើរ ព្រោះការនាំចេញ និងការនាំចូលនៅតែមានកំណើន ហើយនាពេលឆាប់ៗខាងមុខនេះ ឈានទៅដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងអាចទាក់ទាញវិនិយោគិនអន្តរជាតិជាច្រើនបន្ថែម មកកាន់កម្ពុជា។
លោកឧកញ៉ាលឹម ហេងបានថ្លែងថា “កាលពីប៉ុន្មានឆ្នាំមុន យើងនាំចេញទៅកូរ៉េ ភាគច្រើនវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន មានការនាំចេញផលិតផលកសិកម្ម ដែលក្រុមហ៊ុនជាច្រើនពីកូរ៉េ បានមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដើម្បីនាំចេញ”។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលគ្រោងនឹងអនុវត្តន៍នាពេលឆាប់ៗខាងមុខនេះ លោកឧកញ៉ាលឹម ហេង បានថ្នែងដូច្នេះថា “ខ្ញុំជឿថាកម្ពុជានឹងមានការវិនិយោគពីកូរ៉េក៏ច្រើន ពីបណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗក៏ច្រើនផងដែរ ព្រោះគាត់ (វិនិយោគិន) ត្រូវការនាំចេញទៅកូរ៉េ”។
លោកឧកញ៉ា បានថ្លែងបន្តថា និយាយរួម ក្រុមហ៊ុន នៅក្នុងតំបន់អាស៊ាន និងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលផលិតនាំចេញទៅកូរ៉េ នឹងអាចមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញកូរ៉េ ដោយរួចពន្ធ។ ហើយក្រុមហ៊ុនទាំងនោះ ក៏អាចវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅចិន ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយមានការរួចពន្ធផងដែរ។ នេះបង្ហាញថា ការវិនិយោគនៅកម្ពុជានឹងមានកំណើននាថ្ងៃអនាគត។
លោកឧកញ៉ាបានថ្លែងថា នាពេលអនាគត នឹងមានការកើនឡើងលើផ្នែកពាណិជ្ជកម្ម ហើយវាត្រឹមផ្នែកពាណិជ្ជកម្មទេ ប៉ុន្តែវិស័យនយោបាយក៏នឹងមានភាពកាន់តែល្អប្រសើរផងដែរ៕