កម្ពុជា-ចិន ដាក់គោលដៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគី១០ពាន់ លានដុល្លារក្នុងឆ្នាំ២០២៣

ដោយៈតារា

ភ្នំពេញៈ ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់គោលសម្រេច ទំហំពាណិជ្ជកម្មទ្វេភាគី ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ស្របពេលមន្រ្តីជាន់ខ្ពស់កម្ពុជា លើកឡើងថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់កាន់តែខ្លាំង ក្នុងបរិការណ៍ថ្មីនៅក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា -ចិនលើកទី២ ក្រោមមូលបទ “ដំ​ណាក់កាលថ្មី នៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន”កាលពីថ្ងៃពុធកន្លងមកនេះ លោកសុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា ភាគីចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដែលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរតែងសម្រេចបានលើសពីទំហំរំពឹងទុក។

ជាក់ស្តែងក្នុងឆ្នាំ២០១៧ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនសម្រេចបានទំហំជាង ៥,៨ ពាន់លានដុល្លារអាមេរិក ពោលគឺមានកំណើន១៦% លើសការរំពឹងទុក។

ទោះក្នុងស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានជាង៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីររំពឹងថា ទំហំនេះនឹងកើនដល់១០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ខាងមុខ។

លោកបន្តថា ក្រៅពីការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០កន្លងទៅ ទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួតរៀងរាល់ឆ្នាំ តាមរយៈការគាំទ្រ និងការផ្តល់ភាពបទបែនឲ្យគ្នា នៅក្នុងកិច្ចចរចាក្នុងក្រប​ខ័ណ្ឌតំបន់ និងសកល ហើយភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀង អនុស្សារណៈនៃការយោគយល់គ្នា និងពិធីសារនានាទាក់ទងនឹងពាណិជ្ជកម្ម-វិនិយោគ ដែលផ្តល់កាលានុវត្តភាពក្នុងការពង្រឹងពាណិជ្ជកម្ម-វិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែទូលាយ និងទំនើប។

លោកបន្តថា “អ្វីដែលជាមោទកភាពបំផុត គឺការសម្រេចបាននូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលភាគីទាំងពីរកំពុងជំរុញនីតិវិធីសេសសល់ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឆាប់ៗខាងមុខនេះ”។

សុខ សុភ័ក្របានលើកឡើងទៀតថា ទំនាក់ទំនងពាណិជ្ជកម្ម-វិនិយោគទ្វេភាគីកម្ពុជា-ចិន មានភាពចាំបាច់ខ្លាំងណាស់ ក្នុងបរិការណ៍នៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here