ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃសម្រេចបានទំហំទឹកប្រាក់ជាង៣៩០០លានដុល្លារ

ដោយៈ សាវុធ

ភ្នំពេញៈ ទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងថៃ សម្រេចបានសរុបប្រមាណ៣,៩៨២លានដុល្លារ (ឬជាង៣៩០០លានដុល្លារ) ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ ធ្លាក់ចុះ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ដែលមានចំនួន៤,០២៥លានដុល្លារ។ នេះបើយោងតាមការទិន្នន័យពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែឬ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ  រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ ធ្លាក់ចុះ៣៣ភាគរយ។ ការនាំចូលរបស់កម្ពុជាពីថៃមានទឹកប្រាក់រហូតដល់ជាង៣,៤៦៦លានដុល្លារ។ ។

ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិត ផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា រថយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិធ្លាប់បានបញ្ជាក់ថា ការធ្លាក់ចុះ នៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ១៩។

លោកបានថ្លែងថា “ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែន កម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹង លើការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ”។

លោកបានឱ្យដឹងទៀតថា ការធ្លាក់ចុះ ការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសថៃនេះ មិនមែនមកពីកត្តាតម្រូវការប្រើប្រាស់ របស់ពលរដ្ឋថយចុះនោះឡើយ។

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទំហំទឹកប្រាក់៧.២៥ពាន់លានដុល្លារធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់៩.៤ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here