ក្រុមហ៊ុនផ្សារម៉ាត 7-Eleven ដ៏ល្បីល្បាញកំពុងពង្រីកទីផ្សារនៅកម្ពុជា ហើយនឹងហក់ចូលឡាវ នៅឆ្នាំ២០២២

ដោយ សុខុម

ភ្នំពេញ: ដោយមើលឃើញពីសក្ដានុពលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជា ក្រុមហ៊ុនផ្សារម៉ាត 7-Eleven ដ៏ល្បីល្បីទូទាំងពិភពលោកបានហក់ចូលក្នុងទីផ្សារកម្ពុជា នៅក្នុងឆ្នាំ២០២១ នេះជាមួយនឹងគម្រោងពង្រីកសាខាជាច្រើនទីតាំងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន Retail In Asia ចុះផ្សាយកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋកិច្ចរបស់កម្ពុជា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយទទួលបានកំណើនខ្ពស់ជារៀងរាល់ឆ្នាំ។ កត្តានេះរួមផ្សំជាមួយនឹងកត្តាអំណោយផលមួយចំនួនទៀតបានទាក់ទាញក្រុមហ៊ុនអន្តរជាតិល្បីៗចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះរួមមានទាំងក្រុមហ៊ុនផ្សារម៉ាត 7-Eleven ផងដែរ។

ក្រុមហ៊ុនថៃ CP All Pcl បានបើកផ្សារម៉ាត 7-Eleven សាខាទី១ ដំបូងបង្អស់នៅរាជធានីភ្នំពេញ កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅថ្មីៗនេះ ហើយក្រុមហ៊ុនមានគម្រោងពង្រីកសាខាឱ្យបានយ៉ាងតិច៦សាខាទៀតនៅឆ្នាំនេះ។

បន្ថែមពីលើទីផ្សារកម្ពុជា ក្រុមហ៊ុនផ្សារម៉ាត 7-Eleven ក៏នឹងហក់ចូលក្នុងទីផ្សារប្រទេសឡាវ នៅដើមឆ្នាំ២០២២ ផងដែរ ដោយជ្រើសរើសក្រុងវៀងចន្ទន៍ ជាគោលដៅវិនិយោគរបស់ខ្លួន។

បច្ចុប្បន្ន ក្រុមហ៊ុនផ្សារម៉ាត 7-Eleven បើកដំណើរការនៅក្នុងប្រទេសចំនួន២០ទូទាំងពិភពលោក។ នៅអាស៊ី-ប៉ាស៊ីហ្វិក ក្រុមហ៊ុននេះធ្វើប្រតិបត្តិការនៅប្រទេសជាច្រើនរួមមានប្រទេសជប៉ុន ប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសចិន ក្រុងហុងកុង ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសអូស្រ្តាលី និងប្រទេសឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here