ដោយៈគង់ សូរិយា
ភ្នំពេញៈ ថ្នាក់ដឹកនាំបុរីGB Residence ដែលបោះទុនវិនិយោគលើទឹកប្រាក់៦២លានដុល្លារអាមេរិក បានសម្រេចផ្តល់សិទ្ឋលក់ផ្តាច់មុខ ដល់ក្រុមហ៊ុនCMC Real Estateជាផ្លូវការហើយនៅព្រឹកថ្ងៃទី២៩ កក្កដានេះ។
លោកតាំង កៅគៀតតំណាងបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងក្នុងពិធីចុះហត្ថលេខាជាមួយ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateនាព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះមិនមែនជាគំរោងទី១របស់ក្រុមហ៊ុននោះទេ ប៉ុន្តែយើងបានទទួលជោគជ័យរួចហើយ លើការវិនិយោគបុរីទី១ គឺបុរី5 Stars ហេតុនេះទើបយើងបន្តអភិវឌ្ឍន៍បុរីទី២បន្តទៀត ដោយដាក់ឈ្មោះGB Residence ដែលជាគំរោងផ្តោតលើគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ។
លោកបន្តថា “ជាមួយនឹងការជ្រើសរើសទីតាំងល្អ និងការផ្តោតលើគុណភាពសំណង់ ជាមួយនឹងផ្សារទំនើប យើងជឿជាក់ថាគំរោងនេះនឹងទទួលបានជោគជ័យ”។លោកបន្ថែមថា “ការជ្រើសរើសក្រុមហ៊ុនCMC Real Estateជាដៃគូសហការលក់ផ្តាច់មុខ ដោយាសារក្រុមហ៊ុននេះមានជំនាញ បទពិសោធន៍ មានបណ្តាញភ្នាក់ងារច្រើន ដែលនឹងធ្វើឲ្យការលក់គម្រោងនេះទទួលបានជោគជ័យ”។
បុរីGB Residence ត្រូវបានរចនាប្លង់ និងម៉ូតផ្ទះដោយស្ថាបត្យករជំនាញ ដែលធ្លាប់ទទួលបានពានរង្វាន់អន្តរជាតិជាច្រើន ពិសេសពានរង្វាន់ពីទីក្រុងឌូបៃ។
ជាមួយគ្នានេះ អ្នកនាងគ្រុយ ស្រីខួចអគ្គនាយិកាក្រុមហ៊ុនCMC Real Estateបានសម្តែងក្តីរីករាយ ដែលបានទទួលនូវសិទ្ឋផ្តាច់មុខក្នុងការលក់គំរោងនេះ ហើយអ្វីកាន់តែពិសេសអ្នកនាងបានឲ្យដឹងថា ក្រុមហ៊ុនរបស់យើងមានដៃគូសហការលក់ច្រើន មានបុគ្គលិកលក់ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដែលនឹងធ្វើឲ្យការលក់គំរោងនេះទទួលបានជោគជ័យលឿន។
អ្នកនាងបន្តថា “តាមរយៈបទពិសោធន៍ ជំនាញ និងចំណេះដឹង ពិសេសបណ្តាញរបស់យើង ខ្ញុំរំពឹងថាយើងនឹងលក់គំរោងនេះ បានជោគជ័យមុនផែនការ”។អ្នកនាងបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនភ្នាក់ងារងដែលលក់បានជោគជ័យលើគំរោងនេះ នឹងទទួលបាននូវរថយន្តម៉ាកសឺដេស GLC ៣០០ ឆ្នាំ២០២១ រង្វាន់ខ្សែកមាស ម៉ូតូនិងរង្វាន់ជាច្រើនទៀត”។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍គម្រោងនេះ បានជ្រើសរើសទីតាំងល្អ និងមានភាពត្រឹមត្រូវ ដោយសារបុរីនេះស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលនឹងកាត់ចូលរាជធានីភ្នំពេញនាពេលអនាគត។លោកបន្តថា អ្នកវិនិយោគបុរីនេះ នឹងទទួលបានផលចំណេញ ដោយអាចប្រកបអាជីវកម្មបាន ដោយសារអ្នកដំណើរជាតិ អន្តរជាតិចេញពីព្រលានយន្តហោះភ្នំពេញថ្មី នឹងអាចស្វែងរកសេវាកម្មសំរាកលំហែរនៅតំបន់នេះ ហេតុនេះម្ចាស់លំនៅដ្ឋាននៅក្នុងគំរោងនេះនឹងទទួលបាននូវឱកាសធ្វើពាណិជ្ជកម្មរបស់ខ្លួនផងដែរ។
លោកបន្តថា “តំបន់ជុំវិញព្រលានយន្តហោះភ្នំពេញថ្មី នឹងមានការរីកចម្រើនលឿននាពេលឆាប់ៗខាងមុខនេះ ដោយបច្ចុប្បន្នមានបុរី មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅ ដ្ឋានជាច្រើនបានចាប់ផ្តើមសាងសង់នៅតំបន់នេះ”។លោកបន្តថា “ការរីកចម្រើនតំបន់នេះនឹងផ្សារភ្ជាប់ជាមួយនឹងសកម្មភាពអាជីវកម្ម ការធ្វើពាណិជ្ជកម្ម ដែលនឹងទទួលផលពី ព្រលានយន្តហោះថ្មី ដែលនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខនេះ៕