ដោយៈលក្ខិណា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមថវិកាមួយចំនួនធំ សម្រាប់បន្តផ្តល់ឥណទាន ប្រមូលដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ នៅរដូវប្រមូលផលដ៏ខ្លីខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ARDB បានផ្តល់ឥណទានយ៉ាងសកម្ម ដើម្បីផ្តល់ជាទុនបង្វិល ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកិន កែច្នៃ និងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។
សេចកក្តីប្រកាសនេះថា ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជន នបទនិងកសិកម្ម ដែលជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ឥណទានជាបន្តបន្ទាប់ ហើយបានត្រៀមថវិកាមួយចំនួនធំសម្រាប់បន្តផ្តល់ឥណទាន ដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេស ពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន៨០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់និងអភិវឌ្ឍន៍វិស័យកសិកម្ម ដែលARDB ទើបទទួលបានសម្រាប់បង្កើនដើមទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅធ្វើឱ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ ដល់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងការនាំចេញ ។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ាសុង សារ៉នបានឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះតម្រូវការអង្ករ លើទីផ្សារអន្តរជាតិមានការកើនឡើងខ្ពស់ ប៉ុន្តែដោយសារតែកម្ពុជាខ្វះមធ្យោបាយដឹកជញ្ជូន និងតម្លៃដឹកជញ្ជូនមានការឡើងថ្លៃ ធ្វើឱ្យការនាំចេញ ក្នុងឆ្នាំ ២០២១នេះ ធ្លាក់ចុះជាងកាលពីឆ្នាំ២០២០កន្លងទៅគ្រាដែលមានកូវីដ១៩ដូចគ្នា៕