ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋបាលខេត្តកំពតកិច្ចប្រជុំពិភាក្សា លើការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង២។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណ:ការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិភាក្សា លើការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូ ប្រមូលទឹកកខ្វក់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត និងទីលានចាក់សំរាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង២។
លោកជាវ តាយ បានចាត់ទុកកិច្ចប្រជុំនេះ ពិតជាមានសារ:សំខាន់ណាស់សំរាប់ខេត្តកំពត ព្រោះវាអាចបញ្ចៀសបាននូវជំនន់ទឹកភ្លៀង និងធ្វើអោយខេត្តមានអនាម័យ និងបរិស្ថានស្អាត។
លោកអភិបាលខេត្ត បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការ ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្ត ដើម្បីរួមគ្នាដោះស្រាយនៅពេលដែលការអនុវត្តន៍គម្រោងមានការរាំងស្ទះណាមួយ។ ក្រុមហ៊ុនត្រូវពន្លឿននូវការអនុវត្តន៍របស់ខ្លួនអោយបានល្អ ទៅតាមស្តង់ដា លក្ខណ:បច្ចេកទេស និងឆាប់រហ័ស៕