ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ទោះបីជាការដឹកជញ្ជូនអ្នកដំណើរថយចុះ ប៉ុន្តែការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងស្រុក និងអន្តរជាតិរបស់ប្រទេសកម្ពុជាបានកើនឡើង១៤ ភាគរយក្នុងឆមាសទី១ ឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមទិន្នន័យចរាចរណ៍ក្រុមហ៊ុន Cambodia Airportsបានឲ្យដឹងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបង្ហាញកំណើននេះ គឺដោយសារមានកត្តាមួយចំនួនដូចជា នៅប្រទេសជិតខាងកម្ពុជាត្រូវបានបិទខ្ទប់ និងការកកស្ទះនៅតាមកំពង់ផែសមុទ្រ ដែលជំរុញឱ្យការដឹកជញ្ជូនមួយចំនួនចាំបាច់ត្រូវធ្វើឡើងតាមផ្លូវអាកាស។
ការបើកដំណើរការឡើងវិញ នៃរោងចក្រនានានៅភ្នំពេញ បន្ទាប់ពីកម្មករភាគច្រើនបានចាក់វ៉ាក់សាំងរួចរាល់ ព្រមជាមួយនឹងពេលវេលា នៃការឈប់សម្រាកនៅអឺរ៉ុប និងអាមេរិក ក៏បានជំរុញឱ្យការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសពីភ្នំពេញទៅគោលដៅនានាបានកើនឡើង”។
កំណើននៃការដឹកជញ្ជូនមានការកើនឡើងខ្លាំង គួរឱ្យកត់សម្គាល់ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ពេលនេះ(ថ្ងៃ ២៦ កក្កដា) ដោយទិសដៅអាមេរិក កើនឡើង៤១ភាគរយ អឺរ៉ុប៣៨ភាគរយ និងអាស៊ី ២១ ភាគរយ។
លោក ខែក នរិន្ទដា នាយកផ្នែកទូរគមនាគមន៍ និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Cambodia Airports លោកបន្តថា សកម្មភាពដឹកជញ្ជូនទំនិញក៏មានសារៈសំខាន់សម្រាប់ការដោះស្រាយការដឹកជញ្ជូនវ៉ាក់សាំងផងដែរ។ ក្រុមការងារយើងមានមោទនភាពខ្លាំងបំផុត ព្រោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ ដើម្បីប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩៕