ក្រសួងពាណិជ្ជកម្ម៖ ប្រភេទអាជីវកម្មតាមអនឡាញចំនួន៦ត្រូវលើកលែងដោយមិនចាំបាច់ទៅចុះបញ្ជី

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ អ្នកប្រកបរបរអាជីវកម្មតាមប្រព័ន្ធអនឡាញ ត្រូវទៅចុះបញ្ជីនៅក្រសួង ប៉ុន្តែក៏មានការលើកលែងមួយចំនួនផងដែរ ខណៈប្រភេទអាជីវកម្មតាមអនឡាញចំនួន៦ត្រូវលើកលែងដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ។

លោកប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ បានបញ្ជាក់ពីប្រភេទអាជីវកម្មតាមអនឡាញចំនួន៦ត្រូវលើកលែងដោយមិនចាំបាច់ទៅចុះបញ្ជីនោះទេ ដែលសកម្មភាពទាំងនោះរួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. បើអ្នកគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើ នៃកិច្ចសន្យាមានន័យថា អ្នកគ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកអត់បានប្រកាសអំពីតម្លៃរបស់កសិផលរបស់អ្នក គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា ដូច្នេះត្រូវបានលើកលែង ព្រោះអ្នកមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញ-លក់ទេ (ប៉ុន្តែត្រូវឲ្យច្បាស់ថា អ្នកមិនផ្ដល់សេវាទិញ-លក់)។

២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នក មានន័យថា មានការជជែកជាមួយអ្នកបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជីដែរ។

៣. ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបប ជាអ្នកជាប់ពន្ធតូច គឺមិនចាំបាច់ចុះបញ្ជី ដោយត្រូវបានលើកលែងផងដែរ ប៉ុន្តែក៏ត្រូវសិក្សាឲ្យច្បាប់ថា តើអ្នករកស៊ីស្ថិតនៅក្រោមកម្រិតផលរបប ជាអ្នកជាប់ពន្ធតូចដែរ ឬទេ?

៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។ ឧទាហរណ៍ដូចជាអ្នកចំការខ្លះ គាត់ផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយគាត់ដាក់ថា រដូវស្វាយដល់ហើយ ឬទុរេនដល់ហើយ ប៉ុន្ដែគាត់មិនបានដាក់លក់ជាប់ជាប្រចាំនោះទេ គឺគ្រាន់តែមានកសិផល ទៅតាមរដូវដាំណាំរបស់គាត់ប៉ុណ្ណោះ ដូច្នេះគឺមិនចាំបាច់ត្រូវសុំលិខិតអនុញ្ញាតនោះទេ ព្រោះសេវាដែលផ្ដល់ឲ្យមានរយៈកាលកំណត់ជាក់លាក់ ទោះបីជាវាបង្កើតសំណើនៃកិច្ចសន្យាក៏ពិតមែន ប៉ុន្តែវាមិនប្រព្រឹត្តិទៅជាប់ជាប្រចាំ មិនដូចជាអាជីវកម្ម ឬការផ្ដល់សេវាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្រ្តៃយ៍ទេ។

៥. ការលក់ទំនិញជាស្នាដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយពួកគាត់បានយកគំនូរទៅដាក់តាំងបង្ហាញនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្លួនបានគូរ ឬមួយវិញទៀតជាអ្នកឆ្លាក់ ក៏មិនតម្រូវឲ្យពួកគាត់មកសុំលិខិតអនុញ្ញាតដែល ព្រោះវាជាស្នាដៃសុទ្ធសាតរបស់ខ្លួន។

៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា។-ល-។ ក៏ក្រសួងមិនតម្រូវចុះបញ្ជីដែរ។
លោក ប៉ែន សុវិជាតិ បញ្ជាក់ថា ចំពោះបុគ្គល ឬបងប្អូនធុរជន ដែលមិនច្បាស់ពីការចុះបញ្ជីនេះ អាចទៅធ្វើការសាកសួរ នៅក្រសួងពាណិជ្ជកម្ម ព្រោះក្រសួងមិនមែនទទួលចុះបញ្ជីទាំងអស់នោះទេ គឺក្រសួងនឹងផ្ដល់ព័ត៌មានពន្យល់ ដល់បងប្អូនធុរជន ដើម្បីដឹងថា ខ្លួនត្រូវជាប់កាតព្វកិច្ចចុះបញ្ជី ឬជាប់កាតព្វកិច្ច ត្រូវចុះបញ្ជី ឬស្ថិតនៅក្រោមការលើកលែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here