រដ្ឋាភិបាលគ្រោងបង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរសំរាប់រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រដ្ឋាភិបាលបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងភាគីចិន និងរុស្ស៊ីរួចហើយ ដើម្បីបង្កើត​មជ្ឈមណ្ឌលនុយក្លេអ៊ែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌល ព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរ មកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។

លោកសាយ សំអាល់ ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងផងដែរថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ (MoU) ជាមួយសាជីវកម្មថាមពលបរមាណូរដ្ឋរុស្ស៊ី (Rosatom) និងសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) រួចហើយ។

លោកបន្តថា MoU សំដៅជំរុញសហប្រតិបត្តិការលើការប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ក្នុងវិស័យអាទិភាព ដូចជា ឧស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាពចំណីអាហារ ថាមពល សំណង់ បរិស្ថានជាដើម។

ក្រៅពីជួយជ្រោមជ្រែងកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ភាគីចិន ក៏នឹងជួយអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាពក្នុងវិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ និងសុខភាពផងដែរ។

ក្នុងក្របខណ្ឌការងាររបស់ប្រទេសកម្ពុជា ឆ្នាំ២០១៧-២០២៣ ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) កម្ពុជាសន្យានឹងយកចិត្តទុកដាក់ ការងារជាច្រើន ដោយក្នុងនោះ ការបង្កើតនេះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ សុវត្ថិភាពនុយក្លេអ៊ែរ និងការសាយភាយកាំរស្មី កិច្ចការពារបរិស្ថាន និងការត្រួតពិនិត្យ គ្រប់គ្រងសំណល់វិទ្យុសកម្ម ក៏ជាការងារអាទិភាពចម្បងដែរ។

បច្ចុប្បន្ននេះ កម្ពុជាបានប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ លើផ្នែកវេជ្ជសាស្រ្តរួចហើយ ដោយបច្ចេកវិទ្យានុយក្លេអ៊ែរ ត្រូវបានដាក់ឲ្យប្រើប្រាស់សំរាប់ព្យាបាលអ្នកជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here