ធនាគារជាតិនៃកម្ពុជានិង ADB ប្រកាសដំណើរការប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រៀបចំពិធីដាក់ឱ្យដំណើរការ សាកល្បងប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Surveillance Database System – MSDS) តាមរយៈប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBCនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា ការសហការគ្នានេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកឃូ វុឍ្ឍីអគ្គនាយករងបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងលោក Anthony Gill ប្រធានបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។

NBC បានឱ្យដឹងថា ប្រព័ន្ធ MSDS គឺជាប្រព័ន្ធមូលដ្ឋានទិន្នន័យអនឡាញ ដែលត្រូវប្រើប្រាស់សម្រាប់ការវិភាគ និងការតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយនានា សំដៅធានាឱ្យបាននូវស្ថិភាពថ្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លើសពីនេះ ប្រព័ន្ធទិន្នន័យនេះ នឹងផ្តល់លទ្ធភាពដល់អ្នកប្រើប្រាស់ ក្នុងការតាមដាន និងវាយតម្លៃការវិវឌ្ឍនៃដំណើរការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសូចនាករគន្លឹះទាំង៧០តារាងសូចនាករសំខាន់ៗ ក្រាហ្វិក និងទិន្នន័យតាមវិស័យ ប្រមាណ៣០០មុខបន្ថែមទៀត ដែលត្រូវបានរៀបចំក្រោមជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុន។

សូចនាករគន្លឹះ និងទិន្នន័យផ្សេងទៀត ត្រូវបានរៀបចំជាប្រចាំខែ ត្រីមាស និងឆ្នាំ ព្រមទាំងចែកចេញជា៦ វិស័យម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ ១ការប្រែប្រួលសេដ្ឋកិច្ចសកល ២ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៣វិស័យក្រៅប្រទេស ៤វិស័យសារពើពន្ធ ៥វិស័យហិរញ្ញវត្ថុ និង៦សូចនាករសម្រាប់ប្រៀបធៀប ជាមួយប្រទេសដែលមានស្ថាន ភាពសេដ្ឋកិច្ចប្រហាក់ប្រហែលនឹងកម្ពុជា។

ការដាក់ឱ្យដំណើរការសាកល្បង នូវប្រព័ន្ធទិន្នន័យតាមដានម៉ាក្រូសេដ្ឋកិច្ចនេះ គឺជាជំហានថ្មីមួយទៀត នៃដំណើរការផ្សព្វផ្សាយទិន្នន័យ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពទាន់ពេលវេលា ស្របតាមបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here