ក្រុមហ៊ុន Toyota ប្រកាសផ្អាកផលិតរថយន្តនៅប្រទេសថៃ ដោយសារបញ្ហា

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនជប៉ុន Toyota Motor Corp កាលពីថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា បានប្រកាសផ្អាកការផលិតរថយន្ត នៅរោងចក្រចំនួន៣របស់ខ្លួនក្នុងប្រទេសថៃ ចាប់តាំងពីដើមសប្ដាហ៍នេះ ដោយសារខ្វះគ្រឿងបង្គុំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រុមហ៊ុន Toyota Motors Thailand បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនបានផ្អាកផលិតរថយន្ត ជាបណ្តោះអាសន្ននៅរោងចក្រ Ban Pho Plant របស់ខ្លួនកាលពីថ្ងៃអង្គារ ទី២០ កក្កដា និងនៅរោងចក្រ Samrong Plant ព្រមទាំងនៅរោងចក្រ Gateway Plant របស់ខ្លួនកាលពីថ្ងៃពុធ ទី២១ កក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមគេហទំព័ររបស់ខ្លួនឱ្យដឹងថា ក្រុមហ៊ុន Toyota មានសមត្ថភាពផលិតរថយន្តនៅប្រទេសថៃ បានចំនួន៥៥០.០០០គ្រឿងក្នុងមួយឆ្នាំៗ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា “ដំណើរការផលិតសម្រាប់សប្តាហ៍ក្រោយនឹងត្រូវកំណត់នៅដំណាក់កាលបន្ទាប់” ហើយបានបន្ថែមថា ការផ្អាកការផលិតនាពេលបច្ចុប្បន្នមានប្រសិទ្ធភាពរហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ។
ក្រុមហ៊ុននេះ បានលើកឡើង តាមរយៈសេចក្ដីថ្លែងការណ៍ ដាច់ដោយឡែកមួយថា ការបិទរោងចក្រនៅក្នុងប្រទេសថៃ គឺដោយសារតែកង្វះគ្រឿងបង្គុំដែលបណ្តាលមកពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩។

ក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា រោងចក្រToyota មួយនៅខេត្ដអាយឈី (Aichi) ប្រទេសជប៉ុន ក៏នឹងផ្អាកការផលិតនៅថ្ងៃទី២៩-៣០ ខែកក្កដា និងនៅថ្ងៃទី២-៤ ខែសីហា ផងដែរដោយសារខ្វះគ្រឿងបង្គុំ។

ការផ្អាកការផលិតរថយន្តក្នុងប្រទេសថៃ ត្រូវបានសារព័ត៌មាន Nikkei Asia ចុះផ្សាយដំបូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ការផ្ទុះករណីឆ្លងវីរុសកូវីដ-១៩ ជាបន្តបន្ទាប់នៅតាមរោងចក្រនានា ក្នុងប្រទេសថៃ កាលពីខែមិថុនា បានបង្កការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់វិស័យនាំចេញរបស់ប្រទេសនេះ។

ប្រទេសថៃ ជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តធំបំផុតទី៤ ប្រចាំតំបន់អាស៊ី សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗបំផុត របស់ពិភពលោករួមមានទាំងក្រុមហ៊ុន Honda និងក្រុមហ៊ុន Great Wall Motor របស់មហាយក្សចិន ផងដែរ។ ឧស្សាហកម្មដ៏ធំនេះមានចំណែកស្មើប្រហែល១០% នៃផលិតផលក្នុងស្រុកសរុប (GDP) និងការងារផលិតកម្មនៅប្រទេសថៃ។

ការនាំចេញរថយន្តក៏សំខាន់ខ្លាំងណាស់ដែរ សម្រាប់ប្រទេសថៃ ខណៈប្រទេសនេះ កំពុងតែព្យាយាមប្រឹងប្រែងស្ដារឡើងវិញ នូវវិស័យទេសចរណ៍ដ៏មានសារៈសំខាន់របស់ខ្លួន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។

ការលក់រថយន្តក្នុងស្រុក ក៏មានសន្ទុះឡើងវិញដែរ ពោលគឺកើនឡើង១៥%ក្នុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបានរាយការណ៍ករណីឆ្លងវីរុសកូវីដ-១៩ ចំនួន១៣.៦៥៥ករណី និងស្លាប់ចំនួន៨៧ករណី ខណៈប្រទេសជាសមាជិកអាស៊ាន មួយនេះ កំពុងតែរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរលកចុក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here