ដោយៈលក្ខិណា
ភ្នំពេញៈ ស្ថាប័នរកចំណូលពន្ធពីរដ៏សំខាន់ បានចេញរបាយការណ៍ពីការរកចំណូលបានប្រមាណ២៦០០លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ដែលធ្វើឱ្យកម្ពុជា នៅតែមានលទ្ធភាព ក្នុងការគ្រប់គ្រងការចំណាយក្នុងបរិបទកូវីដ១៩នេះ ។
យោងតាមរបាយការណ៍ បូកសរុបរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២០ កក្កដា២០២១នេះឱ្យដឹងថា ក្នុងរយៈពេល៦ខែឬ១ឆមាសដំបូងនៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានប្រមាណ ១.៥១៥,៩០លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៦៧,៥៨ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ហើយបើធៀបនឹងចំណូលពន្ធអាករ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០កន្លងទៅមានថយចុះប្រមាណ១០,៦០ភាគរយ ឬថយប្រមាណ ១៧៩,៧៥លានដុល្លារអាមេរិក ។
របាយការណ៍ដដែលនេះ បានបង្ហាញផងដែរថា នៅក្នុងខែមិថុនា២០២១នេះ អគ្គនាយកដ្ឋានប្រមូលពន្ធ បានចំនួន១៦៧,៦១លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៧,៤៧ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១នេះ ហើយបើធៀបនឹងខែមិថុនា២០២០ឃើញថា មានការថយចុះរហូតដល់១៦,១១ភាគរយ ឬប្រមាណ៣២,១៩លានដុល្លារអាមេរិក ។
របាយការណ៍ក៏បានបង្ហាញថា គិតត្រឹមថ្ងៃទី២០ កក្កដា ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសរុបបានចំនួន១.៥៩០,៣៨លានដុល្លារអាមេរិក ដោយក្នុងរយៈពេល២០ថ្ងៃនេះ ខែកក្កដា ២០២១អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន៧៤,៣២លានដុល្លារអាមេរិកផងដែរ ។
សម្រាប់ស្ថាប័នប្រមូលពន្ធដ៏សំខាន់មួយទៀត គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ក៏រកចំណូលបានប្រមាណ ១.១៥៩,៥លានដុល្លារអាមេរិក តែបើធៀបនឹងឆមាសទី១ឆ្នាំ ២០២០កន្លងទៅមានការថយចុះ ប្រមាណ៨,៩ភាគរយ ដែលចំណូលពីពន្ធគយក្នុងឆមាសទី១នេះ សម្រេចបាន៤៩ភាគរយ នៃផែនការឆ្នាំដែលបានកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។
បើតាមមន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបកន្លងមកបានឱ្យដឹងថា ឆ្នាំ២០២១នេះ កម្ពុជាត្រូវបង្កើនការចំណាយច្រើនជាងឆ្នាំមុន ជាពិសេសការចំណាយទៅលើការទប់ស្កាត់កូវីដ១៩ ខណៈស្ថានភាពកូវីដ១៩ក្នុងប្រទេស នៅតែកើនឡើងខ្ពស់ក្នុងឆ្នាំ២០២១នេះ ។តែយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែអាចគ្រប់គ្រង ការចំណាយរបស់ខ្លួនបាន ហើយក៏មិនធ្វើឱ្យសេដ្ឋកិច្ចដួលរលំនៅក្នុងវិបត្តិកូវីដ១៩នេះដែរ៕