ដោយ: ហ៊ុយ ក្រេង
អន្តរជាតិៈ សន្ទស្សន៍ប្រេងឆៅពិភពលោក Brent និង WTI បានបន្តធ្វើពាណិជ្ជកម្មក្រោម ៧០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃអង្គារ បន្ទាប់ពីអង្គការប្រទេសនាំប្រេងចេញ (OPEC) និងសម្ព័ន្ធមិត្តបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបង្កើនផលិតកម្មប្រេង។
ប្រេងឆៅប្រភេទ WTI របស់អាមេរិកបានធ្លាក់ចុះជិត ៨% និងបានបិទជិតប្រហែល ៦៦ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលមួយថ្ងៃចាប់តាំងពីខែកញ្ញាឆ្នាំ ២០២០ ។
ការជួញដូរកាលពីថ្ងៃច័ន្ទកន្លងមកនេះ ក៏បានមើលឃើញថាប្រេងឆៅប្រភេទ Brent អន្តរជាតិបានធ្លាក់ចុះជិត ៧% និងធ្លាក់ចុះក្រោម ៦៩ ដុល្លារក្នុងមួយបារ៉ែល។
តម្លៃប្រេងបានធ្លាក់ចុះបន្ទាប់ពីអង្គការ OPEC + បានឈានដល់កិច្ចព្រមព្រៀងស្តីពីការជំរុញផលិតកម្មប្រេងចំនួន ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងមួយខែៗ ចាប់ផ្តើមពីខែសីហា ចំពេលមានតម្រូវការពិភពលោកកើនឡើង។ កិច្ចព្រមព្រៀងនេះ ត្រូវបានរាំងស្ទះដោយអេមីរ៉ាតអារ៉ាប់រួម នៅពេលដែលខ្លួនទាមទារឲ្យក្រុមកាតាឡុក បង្កើនកូតាផលិតកម្មមូលដ្ឋានរបស់ខ្លួន ដែលឥឡូវនេះត្រូវបានលើកឡើង។
បណ្តាប្រទេសសមាជិកអង្គការOPEC + បានគ្រោងនឹងជំរុញផលិតកម្មបន្តិចម្តងៗ រហូតដល់ខែកញ្ញាឆ្នាំ២០២២ ដែលជាកន្លែងផលិតប្រេងត្រូវបានគេរំពឹងថា នឹងមានមុនកម្រិតវិបត្តិជម្ងឺកូវីត ១៩។
បច្ចុប្បន្នក្រុមនេះ កំពុងដកហូតប្រេងឆៅប្រមាណ៦លានបារ៉ែល ក្នុងមួយថ្ងៃក្នុងចំណោម១០លានបារ៉ែល ដែលត្រូវបានកាត់ចេញពីទីផ្សារ ក្នុងកំឡុងពេលដែលមានការរីករាលដាលធ្ងន់ធ្ងរបំផុត។ (Source: RT)៕