ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិភាក្សាលើកិច្ចការថវិកា សម្រាប់ឆ្នាំ២០២២។
កិច្ចប្រជុំនេះដឹកនាំដោយលោកកែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានប្រតិភូតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន និងលោកជំទាវ ឈិន ដាលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា និងជាប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សាលើផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២២ -២០២៤ និងការពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាសម្រាប់ឆ្នាំ២០២២ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការគ្រប់គ្រង ការប្រមូលចំណូល ការសម្របសម្រួលចំណាយ និងការប្រើប្រាស់ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព និងអាចចូលរួមសន្សំសំចៃថវិកាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។
ប្រធានប្រតិភូតំណាងក្រុមការងារបច្ចេកទេសថវិកា នៃក្រសួងទាំងពីរ បានលើកឡើងថា ដោយសារបញ្ហាជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលរហូតដល់បច្ចុប្បន្ននេះ យើងបានគិតគូរយ៉ាងហ្មត់ចត់ និងច្បាស់លាស់ អំពីការជ្រើសរើសសកម្មភាពអាទិភាព ដាក់បញ្ចូលក្នុងទិសដៅការងារ ត្រូវអនុវត្តន៍សម្រាប់ឆ្នាំ២០២២ ដោយបានរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំ(BSP) គម្រោងផែនការថវិកា(BP) និងកិច្ចការពាក់ព័ន្ធនឹងថវិកា ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ សារាចរណែនាំ និងចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើជាមូលដ្ឋានដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស ថវិកាសម្រាប់ឆ្នាំ២០២២នេះ និងសម្រាប់កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ នាពេលបន្ទាប់ខាងមុខ។
ដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ អស់រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនឹងផលលំបាក ហើយស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើវិចារណកម្មចំណាយថវិកាទៅតាមក្រសួង ស្ថាប័ន និងអង្គភាពរដ្ឋ ដើម្បីកាត់បន្ថយការចំណាយ និងរក្សាទុកកញ្ចប់ថវិកាមួយផ្នែក សម្រាប់ត្រៀមបម្រុងទុកប្រើប្រាស់តាមការចាំបាច់ផ្សេងៗ៕