ដោយៈ លក្ខិណា
ភ្នំពេញៈ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លង និងចម្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ប្រតិបត្តិករហិរញ្ញវត្ថុកម្ពុជាបានជំរុញឱ្យពលរដ្ឋរបស់ខ្លួនងាកមកប្រើប្រាស់ការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកជំនួសឱ្យការទូទាត់ដោយប្រើក្រដាស់ប្រាក់ ដែលអាចជាកត្តាចម្លងមេរោគសាហាវមួយនេះ។
លោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ឱ្យដឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា បច្ចុប្បន្ន ការទូទាត់តាមមធ្យោបាយឌីជីថល គឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារវិស័យធនាគារ និងហិរញ្ញវត្ថុ បានបង្កើនហេដ្ឋារចនាសម្ព័ន្ធនេះ ក៏ដូចជាអតិថិជន ក៏បានជ្រើសរើសហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីគាំទ្រអាជីវកម្មរបស់ខ្លួន។
លោកបន្តថា បច្ចុប្បន្ននេះ បណ្ដាធនាគារនានា មានApp ដែលអាចឱ្យអតិថិជនធ្វើការទូទាត់ ដោយមិនប្រើក្រដាសប្រាស់ ដូច្នេះអតិថិជនមានតែទូរសព្ទស្មាតហ្វូនមួយគ្រឿង និងមានសេវាអ៊ីនធើណេត គឺអាចទូទាត់បានហើយ។
លោកបានថ្លែងថា “មានតែទូរសព្ទដៃស្មានហ្វូនមួយគ្រឿង មានApp របស់ធនាគារមួយ គឺងាចទូទាត់បានគ្រប់បែបយ៉ាង ដែលអាចនិយាយបានថាមានអគ្គនាយកធនាគារមួយនៅក្នុងផ្ទះអញ្ចឹងដែរ”។
លោកបន្ថែមថា កាលពីមុនកូវីដ អតិថិជនភាគច្រើននៅតែទូទាត់តាមក្រដាសប្រាស់ និងធ្វើដំណើរទៅកាន់បញ្ជរផ្ទាល់ តែពេលក្រោយមកក៏ងាកមកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាជំនួសវិញ ដោយមិនចាំបាច់ធ្វើដំណើរដូចមុន ដែលអាចធ្វើឱ្យប្រឈមនឹងការឆ្លងផង និងចំណាយពេលវេលាក្នុងការធ្វើដំណើរទៅកាន់បញ្ជរការិយាល័យធនាគារឬបញ្ជរទូទាត់ប្រាក់ផង។
លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ការទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាបានជួយដល់អ្នកប្រើប្រាស់ច្រើនណាស់ ជាក់ស្ដែងក្នុងពេលនេះ មនុស្សត្រូវការរក្សាគម្លាត និងមិនត្រូវប្រើប្រាស់រួមគ្នា ហើយក្រដាសប្រាក់ក៏ជាវត្ថុមួយ ត្រូវចល័តមួយមនុស្សម្នាក់ទៅមនុស្សម្នាក់ ដូច្នេះបើសិនជាយើងមិនប្រើប្រាស់ក្រដាសប្រាក់ហើយងាកមកប្រើប្រាស់ការទូទាត់អេឡិចត្រូនិកវិញវាពិតជាបានរួមចំណែកក្នុងការឆ្លងបានមួយកម្រិតផងដែរ។
ជាតិនៃកម្ពុជា កាលពីកន្លងទៅនេះ បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានាក្នុងប្រទេសកម្ពុជាផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាស ជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិកជំនួសឱ្យប្រតិបត្តិការ ដើម្បីជួយកាត់បន្ថយការចម្លងជំងឺកូវីដ-១៩តាមរយៈការកាត់បន្ថយ នូវតម្រូវការនៃការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត៕