ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានគ្រប់គ្រងដោយខ្មែរទាំងស្រុង

ដោយៈសាវុធ

ភ្នំពេញៈ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានទទួលការកាន់កាប់ភាគហ៊ុនទាំងស្រុង លើក្រុមហ៊ុន Saha E&C Co.,Ltd ដែលពីមុនគឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PPSP កាន់កាប់ភាគហ៊ុន៦០ភាគរយ និងកាន់កាប់ភាគហ៊ុន៤០ភាគរយទៀតដោយក្រុមហ៊ុន LCH។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីជូនដំណឹងដែលបានផ្ញើទៅ CSX កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនPPSP ដែលចុះបញ្ជីនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានទិញភាគហ៊ុននៅសល់៤០ភាគរយ មានតម្លៃជាង១,១៧លានដុល្លារ ពីក្រុមហ៊ុន Saha E&C Co.,Ltd ក្រោមការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ សម្រាប់ការទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Saha E&C Co.,Ltd។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ការកាន់កាប់ភាគហ៊ុនថ្មីនេះ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ ដូច្នេះក្រុមហ៊ុនសហ័ស អ៊ី&ស៊ី ឯ.ក ត្រូវបានគ្រប់គ្រងទាំងស្រុងដោយភីភីអេសភី ចាប់ពីពេលនេះតទៅ។ បច្ចុប្បន្នយើងកំពុងរង់ចាំលិខិតអនុម័ត នៃការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរភាគហ៊ុន ពីអគ្គនាយកដ្ឋានពន្ធដារ (GDT)។

យោងបើតាមសេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា គោលបំណងនៃការកាន់កាប់នេះ គឺដើម្បីកាន់ភាគហ៊ុននៅសល់ចំនួន៤០ភាគរយ ដែលមិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុន PPSP។ Saha E & Co.,Ltd គឺជាក្រុមហ៊ុន ដែលចូលរួមជាចម្បងរាល់ការងារសាងសង់ និងសំណង់ វិស្វកម្ម ការរចនាលទ្ធកម្ម ការគ្រប់គ្រងគម្រោង និងការថែទាំ។

លោក Hiroshi Uematsu នាយកគ្រប់គ្រងក្រុមហ៊ុន PPSP ធ្លាប់និយាយថា SAHA E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីទទួលបានគម្រោងពីខាងក្រៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ដូចជានៅក្នុងតំបន់របស់ខ្លួន។

លោកថ្លែងថា “យើងបានគិតថា យើងអាចពង្រីកសេវាកម្មយើងនៅក្រៅតំបន់ដើម្បីឆ្លើយតប នឹងតម្រូវការនៃវិស័យឧស្សាហកម្ម។ តាមរយៈការធ្វើដូច្នេះ យើងអាចបង្កើនប្រាក់ចំណូលពី SAHA E&C”៕

LEAVE A REPLY

Please enter your comment!
Please enter your name here