ឯកអគ្គរដ្ឋទូតៈវិនិយោគិនចិនវិនិយោគទឹកប្រាក់២០០០លានដុល្លារនៅកម្ពុជាក្នុងឆមាសទី១ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បានបញ្ជាក់ថា ប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី១ បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាមួយនឹងទុនវិនិយោគ ប្រមាណ២ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។

លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយស្តីពី ខួបអនុស្សាវរីយ៍នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា កាលចុងសប្តាហ៍កន្លងទៅ ដោយបញ្ជាក់ដូច្នេះថា “ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០២១នេះ ចិនបានវិនិយោគនៅក្នុងប្រទេសកម្ពុជា មានទឹកប្រាក់សរុបប្រមាណ២ពាន់លានដុល្លារអាមេរិក ស្មើនឹង៦៩%នការវិនិយោគសរុបរបស់កម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ លោកបានលើកឡើងថា គម្រោងសំខាន់ៗ ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ស្ថានីយ៍អគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ អាកា​សយានដ្ឋានអន្តជាតិសៀមរាបអង្គរជាដើមកំពុងតែមានវឌ្ឍនភាពយ៉ាងរលូន។

លោកបានថ្លែងបន្តថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២០មានចំនួនរហូតដល់៩.៥៦ពាន់លានដុល្លារអាមេរិក កើនឡើង១.៤% កិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជា និង RCEP ត្រូវបានចុះហត្ថលេខាដោយជោគជ័យ។

នាខែឧសភា ឆ្នាំ២០២១នេះ ផ្លែ ស្វាយស្រស់របស់កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយជោគជ័យ ហើយនាខែមិថុនា ឆ្នាំ ២០២១នេះ ជលផលចំនួន៤ ប្រភេទដូចជា បង្កងប៉ាក ត្រីអន្ទង់ ត្រីរស់ និងខ្យងអាចនាំចេញទៅកាន់ ប្រទេសចិន។ អាចនិយាយបានថា កិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យរវាងភាគីទាំងពីរត្រូវ បានលើកកម្ពស់កាន់តែស៊ីជម្រៅ បានដើរតួនាទីយ៉ាងសកម្ម ក្នុងសេដ្ឋកិច្ចកម្ពុជាដោយយកជម្នះជាមួយផលប៉ះពាល់នៃជំងឺវីរុស។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ធ្លាប់បញ្ជាក់ថា តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមា​ណ៦៩% នៃការវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២១ ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ២១% នៃការវិនិយោគសរុប។

ប្រទេសឈរលេខ៣ គឺប្រទេស Cayman Islands ចំនួន៣.៣៦% (ប្រមាណ៩៩លានដុល្លារ) នៃការវិនិយោគសរុបលេខ៤ ប្រទេស Ritisgh Virgin Islands ចំនួន២.៣៧% (ប្រមាណ៧០លានដុល្លារ) នៃការវិនិយោគសរុបប្រទេសថៃ ឈរលេខរៀងទី៥ ស្មើនឹងចំនួន១.៧៧% (ប្រមាណ៥២លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសសិង្ហបុរី ឈរលេខរៀងទី៦ ចំនួន០.៦៨% (ប្រមាណ២០លានដុល្លារ) នៃការវិនិយោគសរុប ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី៧ ចំនួន០.៦៧% (ប្រមាណ១៩លានដុល្លារ) នៃការវិនិយោគសរុបនៅកម្ពុជា។

ប្រទេសម៉ាឡេស៊ី ឈរលេខរៀងទី៨ ដែលវិនិយោគមកកាន់កម្ពុជា ចំនួន០.៥៦% (ប្រមាណ១៦លានដុល្លារ) នៃការវិនិយោគសរុប។ សហរដ្ឋអាមេរិក ឈរលេខរៀងទី៩ ចំនួន០.៣២% (ប្រមាណ៩លានដុល្លារ) នៃការវិនិយោគសរុប និងប្រទេសសាម័រ ឈរលេខរៀងទី១០ ចំនួន០.១៣% (ប្រមាណ៣លានដុល្លារ) នៃការវិនិយោគសរុប។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា ការវិនិយោគរបស់ចិន មានច្រើនណាស់នៅអាស៊ី និងពិភពលោក ហើយបើនិយាយពីការវិនិយោគអចលនទ្រព្យវិញ ការវិនិយោគជនជាតិចិន ចូលចិត្តកសាងបណ្ដុំសហគមន៍របស់គេ។

លោកបានថ្លែងបន្តថា “នៅក្នុងប្រទេសកម្ពុជា តំបន់ពីរដែលជនជាតិបានចាប់ផ្ដើមកសាងសហគមន៍របស់គេ គឺនៅក្នុងខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ រួមទាំងផ្នែកខ្លះនៃខេត្តកោះកុង (តារាសាគរ)”៕

LEAVE A REPLY

Please enter your comment!
Please enter your name here