ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចូលរួមសម្របសម្រួលជាមួយសមាជិក ក្នុងកិច្ចប្រជុំពិភាក្សា អំពីសហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទានវគ្គ២ (SCFS II) ជាមួយក្រុមការងារធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដើម្បីលើកម្ពស់សហគ្រាសធនតូច និងមធ្យម តាមរយៈការចូលរួមផ្តល់ឥណទានក្នុងការប្រាក់ទាប។
កិច្ចពិភាក្សានេះ មានអ្នកចូលរួមប្រមាណ១០០នាក់ មកពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ដោយផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា ទី១ ព័ត៌មានទូទៅពីលក្ខណៈពិសេសនៃផលិតផលរបស់ សហគ្រាសធុនតូច និងមធ្យម ក្រោមគម្រោងសហហិរញ្ញប្បទាន វគ្គ២ (SCFS II) និងទី២ ការផ្តល់មតិយោបល ពីគ្រឹះស្តានហិរញ្ញវត្ថុ។
ចាប់តាំងពីឆ្នាំ២០២០ សមាជិករបស់សមាគមមីគ្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមៗរបស់រាជរដ្ឋាភិបាល ក្នុងការលើកម្ពស់សហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា តាមរយៈការផ្តល់ឥណទានដែលមានតម្លៃសមរម្យ។
ទីប្រឹក្សាជាន់់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា គោលនយោបាយនិងសេវាកម្មវិស័យហិរញ្ញវត្ថុ អំឡុងវិបត្តិកូវីដ១៩បានឈរលើគោលការណ៍ត្រឹមត្រូវ ដោយវិស័យនេះបាន និងកំពុងមានសុខភាពរ៉ឹងមាំ ជាមួយនឹងការដាច់ចេញនូវគោលនយោបាយច្បាស់លាស់ ពីធនាគារជាតិនៃកម្ពុជា៕