អារ៉ាប៊ីសាឌីតគ្រោងជម្រុញទេសចរណ៍ក្នុងស្រុកដើរលេងក្នុងប្រទេស និងទាក់ទាញ FDI ឲ្យបាន១៣៣ពាន់លានដុល្លារអាមេរិក

ដោយៈសុខុម

ក្រុងរីយ៉ាដ: អារ៉ាប៊ីសាអូឌីត បានកំណត់គោលដៅទាក់ទាញការវិនិយោគថ្មីៗ ក្នុងវិស័យទេសចរណ៍ ឱ្យឈានដល់៥៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៣ និងឈានដល់១៣៣ពាន់លានដុល្លារ នៅត្រឹមដំណាច់ទសវត្សរ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី១៨ កក្កដា។

ក្នុងវេទិកាស្ដីពីថវិកាជាតិឆ្នាំ២០២១ កាលពីខែធ្នូ លោក Ahmed Al-Khateeb រដ្ឋមន្រ្តីទេសចរណ៍អារ៉ាប៊ីសាអ៊ូឌីត ថ្លែងថា ក្នុងឆ្នាំ២០១៩ ពលរដ្ឋអារ៉ាប៊ីសាអូឌីត បានចាយលុយរហូតដលទៅ២២ពាន់លានដុល្លារ លើដំណើរកម្សាន្តនៅក្រៅប្រទេស។ វិធីមួយដែ​លក្រសួងទេសចរណ៍ មានបំណងបង្កើនប្រាក់ចំណូល ពីវិស័យទេសចរណ៍ក្នុងប្រ​ទេសនេះ គឺលើកទឹកចិត្តឱ្យពលរដ្ឋ ងាកមកចំណាយសម្រាប់ ដំណើរទេសចរណ៍ក្នុងស្រុកឱ្យបានច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិធីមួយដើម្បីកាត់បន្ថយចំនួនភ្ញៀវទេសចរ ដែលធ្លាយចេញទៅក្រៅប្រទេស គឺត្រូវផ្តល់គោលដៅទេសចរណ៍ដ៏ទាក់ទាញ ក្នុងស្រុកដែលពលរដ្ឋអារ៉ាប៊ីសាអូឌីតចង់ទៅលេងកម្សាន្ត។ តួយ៉ាងគម្រោងរីហ្សតតំបន់ថ្មប៉ប្រះទឹក Coral Bloom ដែលព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman បានប្រកាសកាលពីថ្ងៃពុធ ទី១៤ កក្កដា គឺជាឧទាហរណ៍ដ៏សំខាន់មួយ។

គាំទ្រដោយមូលនិធិទ្រព្យវិនិយោគបរទេស (Sovereign Wealth Fund) មូលនិធិវិនិយោគសាធារណៈ (Public Investment Fund) និងផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ខ្នាតយក្ស Red Sea Project របស់អារ៉ាប៊ីសាអ៊ូឌីត គម្រោងរីហ្សត Coral Bloom ត្រូវបានឌីហ្សាញឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មអង់គ្លេស ដ៏ល្បីឈ្មោះ Foster+Partners។ ដោយមានទីតាំង ស្ថិតនៅលើកោះ Shurayrah Island និងមានសណ្ឋានដូចត្រីដូហ្វីន (Dolphin) កោះរមណីយដ្ឋាននេះ មានប្រព័ន្ធថ្មប៉ប្រះទឹកធំបំផុតទី៤ របស់ពិភពលោក ផ្កាថ្មដែលគ្មានអ្នកណាប៉ះពាល់ និងជាជម្រកសត្វសមុទ្រដែលជិតផុតពូជជាច្រើនអម្បូរ។

ដោយគ្រោងនឹងដាក់បញ្ចូលសណ្ឋាគារចំនួន១១ គម្រោងដ៏ធំនេះទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីក្រុមអ្នកជំនាញក្នុងវិស័យជាច្រើន របស់អារ៉ាប៊ីសាអ៊ូឌីត ដែលមើលឃើញថា វាជាការលើកកម្ពស់យ៉ាងធំធេង ដល់វិស័យទេសចរណ៍ និងជាកម្លាំងចលករដ៏រឹងមាំមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោក Talat Zaki Hafiz អ្នកជំនាញសេដ្ឋកិច្ច និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុអារ៉ាប៊ីសាអូឌីត (Saudi Financial Association) បានលើកឡើងថា គម្រោងរីហ្សត Coral Bloom ស្ថិតក្នុងចំណោមគម្រោងធំៗជាច្រើន ដែលរដ្ឋាភិបាលបានប្រកាស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះរួមមានទាំងគម្រោង Qiddiya គម្រោង The Line និងគម្រោង NEOM ផងដែរ។

អ្នកជំនាញរូបនេះបានបន្ថែមថា គម្រោងចុងក្រោយនេះ នឹងជួយជំរុញកំណើនផលិត​ផលក្នុងស្រុកសរុប (GDP) ដែលរួមចំណែកយ៉ាងធំធេង ដល់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រមួយនេះ។

បច្ចុប្បន្នវិស័យទេសចរណ៍ មានចំណែកស្មើប្រមាណ៣.៥%នៃ GDP សរុបរបស់ប្រទេសនេះ ហើយក្រសួងទេសចរណ៍សង្ឃឹមថា គម្រោងនានាដូចជាគម្រោង Coral Bloom ជាដើមនឹងជួយបង្កើនចំណែករហូតដល់១០%ក្នុងទសវត្សរ៍បន្ទាប់។

បណ្ឌិត Majed Al-Hedayan អ្នកវិភាគហិរញ្ញវត្ថុ និងជាអ្នកជំនាញផ្នែកច្បាប់ថ្លែងថា គម្រោងនេះ នឹងក្លាយគោលដៅនាំមុខ សម្រាប់វិស័យទេសចរណ៍ពិភពលោក” ហើយវាក៏នឹងលើកទឹកចិត្តឱ្យ “វិនិយោគិនបរទេសបង្កើតគម្រោងវិនិយោគរបស់ខ្លួន” នៅក្នុងប្រទេសនេះផងដែរ។ ដូចនេះវានឹងក្លាយជាកម្លាំងចលករ ជំរុញការវិនិយោគនាពេលអនាគតក្នុងវិស័យនេះ ហើយបន្តជួយប្រទេសនេះ ឱ្យសម្រេចគោលដៅរបស់ខ្លួន ក្នុងការទាក់ទាញការវិនិយោគ ឱ្យឈានដល់១៣៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០។

ជាមួយគ្នានេះ លោកបណ្ឌិត Osama Ghanem Alobaidy ដែលជាទីប្រឹក្សា និងជាសាស្រ្តាចារ្យផ្នែកច្បាប់ នៃវិទ្យាស្ថានរដ្ឋបាលសាធារណៈ (Institute of Public Administration) ក្នុងទីក្រុងរីយ៉ាដបានលើកឡើងថា លទ្ធផលវិជ្ជមានក្នុងវិស័យទេសចរ​ណ៍អំឡុងវិបត្តិកូវីដ-១៩ ជាភ័ស្ដុតាងបង្ហាញយ៉ាងច្បាស់ថា គោលដៅដែលបានកំណត់ជាផ្នែកមួយនៃទស្សនវិស័យឆ្នាំ២០៣០ កំពុងតែឆ្ពោះទៅមុខយ៉ាងរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here