ស្ថាប័ននិយ័តករធនាគារចិន ព្រមានអំពីការកើនឡើងឥណទានស្អុយដោយសារសេដ្ឋកិច្ចងើបឡើងមិនរៀបរយ

ដោយៈសុខុម

ប៉េកាំង: ស្ថាប័ននិយ័តករធនាគារចិន បានប្រកាសកាលពីថ្ងៃពុធ ទី១៤ កក្កដា ថា បណ្ដាធនាគារចិន កំពុងប្រឈមការគំរាមកំហែង ពីការកើនឡើងឥណទានស្អុយឬពិបាកទារ (Bad Loan) នៅពេលដែលសេដ្ឋកិច្ចងើបឡើងមិនស្មើគ្នា និងដោយសារកង្វះមូលដ្ឋានគ្រឹះដ៏រឹងមាំ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Liu Zhongrui មន្ត្រីមួយរូបមកពីនាយកដ្ឋានស្ថិតិ នៃគណៈកម្មការនិយ័តកម្មធនាគារចិន (CBRC) ដែលជាស្ថាប័នឃ្លាំមើល វិស័យធនាគារដ៏កំពូលរបស់ប្រទេសចិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្រុងប៉េកាំងថា ឥណទានមិនដំណើរការ (Non-Performing Loan (NPL)) ក្នុងវិស័យធនាគារមានចំនួន៥៤០,៧៩ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា ដោយកើនឡើងចំនួន១៦,៧ពាន់លានដុល្លារអាមេរិក គិតចាប់ពីដើមឆ្នាំ២០២១ ខណៈអនុបាតឥណទានស្អុយ ឬពិបាកទារបានធ្លាក់ចុះមកនៅត្រឹម១,៨%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិន បានអនុវត្តគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធចាប់តាំងពីឆ្នាំមុនដើម្បីជួយទ្រទ្រងសេដ្ឋកិច្ច។ ស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានជំរុញឱ្យបញ្ចុះអត្រាការប្រាក់ជូនក្រុមហ៊ុននានា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩ ហើយវិធានការជួយសង្គ្រោះនានា ក៏ត្រូវបានដាក់ចេញ ដើម្បីជួយឱ្យកូនបំណុលមានពេលដកដង្ហើមអំឡុងវិបត្តិនេះ។

លោក Liu Zhongrui គូសបញ្ជាក់ថា គណៈកម្មការនិយ័តកម្មធនាគារចិន បាននិងកំពុងឱ្យណែនាំឱ្យធនាគារនានាបង្កើនបទប្បញ្ញត្តិ និងលុបចោលនូវឥណទានស្អុយ ឬពិបាកទាររបស់ខ្លួន ដោយទំហំឥណទានស្អុយ ឬពិបាកទារដែលត្រូវលុបចោលក្នុងឆមា​សទី១ ឆ្នាំនេះធំជាងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។

លោក Liu Zhongrui ថ្លែងថា តាមការរំពឹងទុក បណ្ដាធនាគារចិន នឹងទទួលបានកំណើនប្រាក់ចំណេញ ក្នុងឆមាសទី១ដើមឆ្នាំ២០២១នេះ ដោយសារការប្រៀបធៀបទាបជាមួយឆ្នាំកន្លងទៅ ជាពេលដែលវិបត្តិកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មរាំងស្ទះដំណើរការ។

គណៈកម្មការនិយ័តកម្មធនាគារចិនបាននិយាយថា ទ្រព្យសកម្មសរុបនៃវិស័យធនាគារបានកើនឡើង៩,២%ឆ្នាំ ធៀបនឹងឆ្នាំដល់៥០,៨ទ្រីលានដុល្លារអាមេរិក នៅត្រឹមដំណាច់ខែមិថុនា ខណៈបំណុលសរុបបានកើនឡើង៩,១%ដល់៤៦,៥ទ្រីលានដុល្លារអាមេរិក។

គណៈកម្មការនិយ័តកម្មធនាគារចិន ក៏មើលឃើញដែរថា កំណើនឥណទានអចល​នទ្រព្យបានធ្លាក់ចុះមកនៅត្រឹម១០,៣% នៅពេលដែលរដ្ឋាភិបាលទប់ស្កាត់​ ការផ្តល់ហិរញ្ញប្បទាន ក្នុងវិស័យដែលកំពុងជួបវិបត្តិមួយនេះ ដើម្បីទប់ស្កាត់ហានិភ័យ។ ស្ថាប័ននេះក៏និយាយដែរថា ខ្លួននឹងពង្រឹងការត្រួតពិនិត្យរបស់ខ្លួន លើបុត្រសម្ព័ន្ធនានារបស់បណ្ដាក្រុមហ៊ុន Platform អនឡាញធំៗដើម្បីទប់ស្កាត់ “ការពង្រីកដើមទុនដែលគ្មានរបៀ​បរៀបរយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here