ក្រសួងសេដ្ឋកិច្ចត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធSingle Portalដំណាក់កាលទី២នៅខែក្រោយនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដំណាក់កាលទី២ នៅខែក្រោយនេះ ខណៈការចុះបញ្ជីតាមប្រព័ន្ធនេះទទួលបានជោគជ័យនៅដំណាក់កាលទី១ ក្នុងរយៈពេលជាង១ ឆ្នាំកន្លងមកនេះ។

ការត្រៀមដាក់ដំណើរការ Single Portal ដំណាក់កាលទី២នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងស្តីពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននៅដំណាក់កាលទី២ ដែលដឹកនាំដោយលោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមសប្តាហ៍នេះ តាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងស្ថាប័ន ដែលបានចូលរួមក្នុងកិច្ចប្រជុំរួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម
តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានលក្ខណពិសេសដូចជា កាត់បន្ថយនីតិវិធីតាមរយៈការភ្ជាប់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងបង្កើតការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយនៅលើថ្នាលតែមួយ កាត់បន្ថយពេលមកត្រឹម៨ ថ្ងៃនៃថ្ងៃធ្វើការ និងកាត់បន្ថយការចំណាយថវិកាប្រមាណ ៤០ ភាគរយបើធៀបនឹងនីតិវិធីចាស់។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ជាមួយនឹងកំណែទម្រង់លើនីតិវិធីចុះបញ្ជីនេះ ធុរជនមានភាពងាយស្រួលក្នុងការចុះបញ្ជីដែលអនុញ្ញាតឱ្យធុរកិច្ចមានអត្តសញ្ញាណត្រឹមត្រូវ និងស្របច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំឥណទានពីកម្មវិធីហិរញ្ញវត្ថុ ពិសេសពីរដ្ឋាភិបាលដែលជាវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩”។

ក្រុមហ៊ុនជាង៦ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានដែលមានទុនសរុប២ ៦៣១លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១។

ក្នុងរយៈពេល១ ឆ្នាំនេះ អាជីវកម្មចុះបញ្ជីត្រូវបានអនុម័តរួមមាន អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ៣៨,១១ភាគរយ សកម្មភាពអចលនវត្ថុ១០,២៩ភាគរយ កម្មន្តសាល៨,៥៨ភាគរយ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ៨,៤៧ភាគរយ សកម្មភាពអាជីវកម្មវិជ្ជាជីវៈវិទ្យាសាស្ត្រ និងបច្ចេកទេស៧,៦ភាគរយ និងវិស័យផ្សេងៗទៀតមានចំនួន២៧,៥៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here