ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ប្រាក់រៀលត្រូវបានបង្កើនតួនាទីជាលំដាប់នៅក្នុងសេដ្ឋកិច្ចនិងសង្គម ប្រកបដោយនិរន្តរភាពនិង ជំនឿទុកចិត្ត ដែលបម្រើផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ និងសេដ្ឋកិច្ចជាតិទាំងមូល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការលើកកម្ពស់គុណតម្លៃប្រាក់រៀល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជាសូមលើកទឹកចិត្តឱ្យ សាធារណជនទាំងអស់ប្រើប្រាស់នូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងប្រើប្រាស់ក្រដាសប្រាក់រៀលប្រកបដោយអនាម័យខ្ពស់។
កន្លងមក ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់គុណតម្លៃ របស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា ក៏បានផ្សព្វផ្សាយអំពីរបៀបនៃការទុកដាក់ និងប្រើប្រាស់ ក្រដាសប្រាក់រៀលឱ្យបានត្រឹមត្រូវ និងប្រកបដោយអនាម័យតាមរយៈវីដេអូខ្លី និងឯកសារអប់រំ ផ្សេងៗផងដែរ។ ក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចយកមកប្ដូរថ្មីដោយមិនគិតកម្រៃសេវា នៅគ្រប់បញ្ញរបេឡារបស់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងតែស្នាក់ការកណ្តាល) នៅរៀងរាល់ម៉ោងធ្វើការ។
ក្នុងករណីដែលក្រដាសប្រាក់រៀលមានការខូចខាត ឬបាត់បង់ទ្រង់ទ្រាយ ដូចមានចែងក្នុងមាត្រា៥១ មាត្រា៥២ និងមាត្រា៥៣ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា (១៩៩៦) ធនាគារជាតិនៃកម្ពុជា សូមរក្សាសិទ្ធិដកហូតដោយគ្មានសំណង។
មាត្រា ៥១ ចែងថា “ធនាគារកណ្តាលអាចបដិសេធមិនប្តូរក្រដាសប្រាក់និងកាស បើសិនជា រូបភាពវាលែងមានភាពច្បាស់លាស់ បាត់បង់រូបភាពដើម ឬឆ្លុះធ្លាយ ឬដែលបាត់បង់ទំហំ៣០% (សាមសិបភាគរយ) ឬលើសពីនេះ។ រូបិយវត្ថុទាំងនេះត្រូវដកចេញពីចរាចរ ហើយបំផ្លាញចោល ដោយគ្មានសំណងចំពោះម្ចាស់ទេ លើកលែងតែករណីពិសេស ដែលធនាគារកណ្តាលអាចយល់ព្រមសងមួយចំណែក ឬទាំងអស់។
មាត្រា៥២ ចែងថា “ក្រដាសប្រាក់ក្លែងក្លាយ ដែលយកមកបង់ ឬប្តូរត្រូវរឹបអូស ដោយគ្មានសំណង ហើយត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច”។
មាត្រា៥៣ ចែងថា “ម្ចាស់ប្រាក់មិនអាចទាមទារពីធនាគារកណ្តាលឱ្យសង ចំពោះក្រដាសប្រាក់ ឬកាសណា ដែលខ្លួនធ្វើឱ្យបាត់បង់ ឬធ្វើឱ្យអន្តរាយឡើយ។ ធនាគារកណ្តាលអាចដកហូតយក ដោយគ្មានថ្នូរនូវក្រដាសប្រាក់ ដែលមានការខូចខាតរូបភាពក្រៅ ជាពិសេសចំពោះក្រដាសប្រាក់ណា ដែលមានសរសេរ លាបពណ៌ បោះពុម្ព បោះត្រា ឬបិទវត្ថុស្អិតពីលើ ឬឆ្លុះធ្លាយឬបាត់រូបភាព ដោយប្រការណាក៏ដោយ”។
ប្រាក់រៀលតំណាងឱ្យអត្តសញ្ញាណជាតិ អធិបតេយ្យភាពជាតិ ឯករាជ្យភាពសេដ្ឋកិច្ច និង ពង្រឹងសាមគ្គីភាពសង្គម។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ជាពិសេសប្រជាជនកម្ពុជាយើង នឹងបន្តស្មារតីសហការលើកកម្ពស់ប្រាក់រៀលជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការប្រឆាំងនឹងទង្វើទាំងឡាយណា ដែលប៉ះពាល់ដល់គុណតម្លៃ ប្រាក់រៀលរបស់យើង៕